ព័ត៌មាន
កសិករនៅខេត្តកំពង់ឆ្នាំង កាក់កបជាមួយរបរដាំដុះផ្សិតអំបោះលក់ទៅកាន់ទីផ្សារខណៈកំពុងមានតម្រូវការខ្ពស់
ផ្សិតអំបោះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយគេអាចយកទៅច្នៃធ្វើជាម្ហូបអារហារបានជាច្រើនមុខ និងលក់ដាច់ជាងគេនៅលើទីផ្សារគ្រប់ទីកន្លែង ខណៈកសិករម្នាក់រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា ការដាំផ្សិតនេះ មានងាយស្រួលដាំហើយអាចទទួលបានផលលក់ដូរជារៀងរាល់ថ្ងៃ។

លោក សយ ចាន់ណា ជាកសិករគំរូនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់បានទៅរៀនពីបច្ចេកទេសដាំដុះផ្សិតអំបោះនេះពីអ្នកជំនាញក្នុងខេត្តកំពង់ចាម និងរៀននៅខេត្តកំពត។ ក្រោយចេះច្បាស់ជំនាញនេះ ក៏បានមកសាកល្បងបណ្តុះផ្សិតអំបោះនេះឡើងដើម្បីទុកជាបទពិសោធន៍សម្រាប់បង្កើតកសិដ្ឋានផ្ទាល់ខ្លួននៅស្រុកកំណើត ក្នុងគោលបំណងចែកចាយលក់ដូរនៅលើទីផ្សារឱ្យបាន ទូលំទូលាយ ប៉ុន្តែរយៈពេលពីរឆ្នាំដំបូងមិនសូវទទួលបានផលល្អទេ។
កសិកររូបនេះបន្តថា ក្រោយពីបានព្យាយាមសាកល្បងបណ្តុះផ្សិតអំបោះបន្តទៀត រួមនឹងការផ្តល់បទពិសោធន៍បន្ថែមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងផងនោះ គាត់ទទួលបានជោគជ័យលើការដាំផ្សិតអំបោះនេះលក់ទៅកាន់ទីផ្សាររយៈពេល១០ឆ្នាំមកហើយ។
លោក ចាន់ណា បញ្ជាក់ថា ជារៀងរាល់ថ្ងៃគាត់បានទទួលផលពីផ្សិតអំបោះចាប់ពី១០ទៅ១៥គីឡូក្រាម និងអាចលក់ចេញក្នុង១គីឡូក្រាមតម្លៃពី៦ទៅ៧ពាន់រៀល ហើយជាអ្នកទិញក្នុងភូមិស្រុកគាត់តែងមកទិញគ្មានសល់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគាត់អាចរកចំណូលពីការលក់ផ្សិតអំបោះនេះបានចាប់ពី៧ទៅ១០ម៉ឺនរៀលក្នុង១ថ្ងៃ។
លោកបានបន្តថា ដំបូងកុំថាឡើយដាំដុះផ្សិតប្រភេទនេះ អ្នកភូមិរបស់គាត់មិនស្គាល់អ្វីទៅដែលហៅថា ផ្សិតអំបោះផង តែក្រោយពីបានភ្លក្សរសជាតិម្តងហើយ អ្នកភូមិតែងមករកទិញម្តងទៀត ដែលកត្តានេះបានធ្វើឱ្យគាត់បានពង្រីកថ្នាលបណ្តុះបន្ថែមទៀតដើម្បីតំរូវតាមទីផ្សារក្នុងភូមិស្រុកគាត់។ បច្ចុប្បន្នមានកសិករជិតឆ្ងាយ និងមានរហូតដល់ខេត្តដទៃទៀត គេបានបញ្ជាទិញនូវកញ្ចប់ផ្សិតអំបោះយកទៅដាំដុះ ជារៀងរាល់សប្តាហ៍ ដែលគាត់អាចលក់បានចាប់ពី ៥០០ទៅ១០០០កញ្ចប់ ដោយក្នុង១កញ្ចប់តម្លៃ ១៥០០រៀល។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្សិតអំបោះ គឺជាប្រភេទផ្សិតដែលងាយស្រួលបណ្តុះ ការចំណាយថវិកាក៏តិច ប្រើកម្លាំងពលកម្មក៏តិច វត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាកាកសំណល់ដែលងាយស្រួលរកមកបណ្តុះ ដែលមាន ដូចជាអាចម៍រណា គ កន្ទក់ ស្រូវ ម្សៅ អង្ករដំណើប ជីអ៊ុយរេ និងកំបោរស ប៉ុន្តែវាទាមទារឱ្យអ្នកដាំដុះត្រូវមានភាពអំណត់ព្យាយាម ជាពិសេសបំផុតផ្តោតលើការអនុវត្តតាមលក្ខណៈបច្ចេកទេស និងអនាម័យឱ្យបានស្អាតជានិច្ច។
លោកបានប្រធានមន្ទីរបានអំពាវនាវដល់ប្រជាកសិករ កុំទុកដីនៅក្នុងភូមិដ្ឋានឱ្យនៅទំនេរ ត្រូវខិតខំព្យាយាមដាំដុះបន្លែបង្កា ចិញ្ចឹមសត្វមាន់ទា ត្រី កង្កែប ខ្យង កំពឹស បង្កង ហើយមន្ទីរកសិកម្មខេត្តរង់ចាំជួយផ្តល់បទពិសោធន៍ បច្ចេកទេសផ្នែកកសិកម្មជានិច្ច៕ អត្ថបទ៖ កាំង ហុង វាស្នា












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣