Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តដឹកនាំយុទ្ធនាការមនុស្សធម៌យ៉ាងសកម្ម ដោយចាត់ចែងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ, ស្ថិតក្នុងបរិវេណសាលាមសិក្សាអង្គខ្មៅ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺ ឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨៣៧នាក់ ស្រី៤០៤នាក់ ចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម ពិនិត្យព្យាបាលជំងឺ និងចែកឱសថ ព្រមទាំងស្បៀងអាហារ ជានំប៉័ង ទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១០,២៧៨នាក់ ស្រី៧,០៩១នាក់ (លើសផែនការគ្រោងទុកចំនួន ៣ដង)។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសាធារណៈ កាត់បន្ថយការចំណាយ និងនាំយកសេវាសុខាភិបាលគុណភាពខ្ពស់មកកៀកជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ហង់ លីណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ ព្រមទាំងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែគិតគូរដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺជាដរាប។ តាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់តែម្តង។ នេះគឺជាទ្រព្យសម្បតិ្តមហាសាលសម្រាប់ប្រជាពល​រដ្ឋ​​ក្នុងខេត្តកំពង់ស្ពឺ ដែលបានទទួលមនុញ្ញផលពីឯកឧត្តម ហ៊ុន ម៉ានី ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ និងសូមថ្លែងអំណរគុណទៅដល់អាជ្ញាធរដែនដី ស្រុក ឃុំ កងកម្លាំង ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ដែលបានរួមកម្លាំងគ្នាជួយសម្របសម្រួលរៀបចំឲ្យព្រឹតិ្តការណ៍នេះ ដំណើរការមកដល់ពេលបច្ចុប្បន្ន និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហការីទាំងអស់ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ផ្ទាល់ ដែលចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល១៤ឆ្នាំ និងឈានទៅ១៥ឆ្នាំ គឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែន។

សូមរំលេចផងដែរថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយ​សកម្មភាព​សង្គមរបស់ស.ស.យ.ក. បន្ថែម​ទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពខុសគ្នា និងមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយឡែក មកធ្វើការងារ​ជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់​សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និងចូលរួម​ចំណែក​ដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ានណែត ជាប្រមុខដឹកនាំ៕ អត្ថបទ៖ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia