ព័ត៌មាន
អ្នកនាំពាក្យ៖ ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែសីហានេះថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ ត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការស្រុះស្រួលគ្នារវាងអ្នកផ្សះផ្សារទាំង៤រូប ដែលតែងតាំងដោយភាគីកម្ពុជា និងថៃដែល បានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់មួយក្នុងដំណោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ។
ឯកឧត្តមបន្តថា ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះនិងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជាក៏រំពឹងថា ដំណើរការផ្សះផ្សានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូងស្តីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជាថៃត្រូវបានផ្តួចផ្តើម ឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការ ចាប់ផ្តើម ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS )ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួត គ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោល ជាឯកតោភាគីនូវ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។
ឯកឧត្តម ប៉ែន បូណា បន្តថា៖«ដូច្នេះ ក្រោយពីបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា មានតែយន្តការផ្សះ ផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេ ដែលជាជម្រើសល្អបំផុត ពីព្រោះ យន្តការនេះអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី»។
ឯកឧត្តមថ្លែងថា៖ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលការគាំទ្រ យ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ ត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕



-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ