ព័ត៌មាន
ខេត្តកំពង់ធំនឹងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញវិស័យនេះក្លាយជាប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ មន្រ្តីជំនាញក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន បើកការពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ដើម្បីជំរុញឱ្យវិស័យនេះក្លាយទៅជាប្រព័ន្ធសេដ្ឋកិច្ច ដែល មានប្រសិទ្ធភាព ការក្លាយជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម និងជាតំបន់ភស្ដុភារកម្មរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ នៅសប្តាហ៍កន្លងមកថា ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន, ការពង្រឹងសន្តិសុខសេដ្ឋកិច្ច កសិកម្ម ស្បៀង ថាមពល និងទឹកគឺជាកត្តាសំខាន់បំផុត។ បរិការណ៍នេះ វិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ ដែលអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ ប្រាក់ចំណូល និងម្ខាងទៀតដើម្បីធានាសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិទាំងមូលផងដែរ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងថាមពល របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាវិស័យអាទិភាព ដោយមានទិសដៅជំរុញការផ្លាស់ប្តូរពីកសិកម្មបែប ប្រពៃណី ទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាពប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់ ដោយផ្អែក លើសសរស្តម្ភគន្លឹះចំនួន៤គឺ៖ ផលិតភាព, ការធ្វើពិពិធកម្មផលិតផល និងទីផ្សារកសិកម្ម, ភាពប្រកួតប្រជែង និងពាណិជ្ជូបនីយកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងឱ្យដឹងថា សេដ្ឋកិច្ចខេត្តកំពង់ធំមានចំណែកនៃវិស័យកសិកម្មរហូតដល់ប្រមាណ ៧៤% ខណៈវិស័យឧស្សាហកម្មមានត្រឹមតែ ៦,៣%, ប្រជាជនខេត្តកំពង់ធំស្មើ ៥% នៃចំនួនប្រជាជនកម្ពុជាទូទាំងប្រទេស ខណៈទំហំសេដ្ឋកិច្ច ខេត្តកំពង់ធំស្មើនឹងប្រមាណ ៣% នៃទំហំសេដ្ឋកិច្ចប្រទេសកម្ពុជា។ បញ្ហានេះបានបង្ហាញសារយុទ្ធសាស្ត្រច្បាស់ថា ការរៀបចំអនាគត វិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំទាំងមូល។ ដូចនេះការគិតគូររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំនេះ គឺដើម្បីអនាគតប្រជាជនខេត្តកំពង់ធំ។ ចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំ គឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិ-ឧស្សាហកម្ម។ គោលដៅនេះមិនមែនធ្វើឱ្យខេត្តកំពង់ធំពឹងផ្អែកលើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវ ប្រើមូលដ្ឋានកសិកម្មដ៏ធំនេះ ដើម្បីជំរុញវិស័យកសិ-ឧស្សាហកម្ម សេវាកម្ម ការវិនិយោគ និងតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្ដល់នូវគោលការណ៍គន្លឹះចំនួន៤សម្រាប់ការពិភាក្សារួមមាន៖ (១). ផលិតភាព និងប្រាក់ចំណេញដោយ ត្រូវផ្ដោតទាំងផលិតភាព ដី ទឹក កម្លាំង ពលកម្ម ថ្លៃដើម តម្លៃលក់ ការខាតបង់ ហានិភ័យ និងបំណុល ជាកញ្ចប់ទាំងមូល ពីកន្លែងដែល ត្រូវកែប្រែតម្រង់ទិសបន្ថែមទៀត ក្នុងគោលដៅផលិតឱ្យមានផលិតភាពខ្ពស់។ (២). តម្លៃបន្ថែម និងទីផ្សារ គឺត្រូវផ្ដោតលើទីផ្សារមុន និង ត្រូវគិតគូរទាំងការផលិតសម្រាប់ហូប និងការផលិតដើម្បីលក់ ទាំងស្តង់ដា គុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង។ (៣). ការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ដោយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ទឹក ផ្លូវ ភ្លើង ឃ្លាំងស្តុក) ហិរញ្ញប្បទានសមស្រប បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និង (៤). ការអនុវត្តការទទួលខុសត្រូវ និងភាពធន់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣