ព័ត៌មាន
តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ សហការបង្កើនប្រសិទ្ធភាពចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែនដែលមានលក្ខណៈជាបណ្តាញ
ភ្នំពេញ៖ តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ សហការបង្កើនប្រសិទ្ធភាពលើការងារចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលមានលក្ខណៈជាបណ្តាញ ដើម្បី បង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ ព្រមទាំងការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនជាដើម”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ តុលាការកំពូលកម្ពុជាដែលបានទទួលនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមពីកិច្ចសហប្រតិបត្តិការវាងប្រទេសទាំង៣ ដែលត្រូវបានអនុវត្តយ៉ាងល្អប្រសើរជាងមុន ជាក់ស្តែងការបង្ក្រាបបទល្មើសឆ្លងដែន ខុសច្បាប់ និងការជំនុំជម្រះ ត្រូវបានលើកកម្ពស់។ ក្នុងរយៈពេលចន្លោះពីសន្និសីទលើកទី៧ មកសន្និសីទ លើកទី៨ សំណុំរឿងព្រហ្មទណ្ឌឆ្លងដែនដែលភាគីកម្ពុជាបានបង្ក្រាប និងជំនុំជម្រះនៅតាមតុលាការជាប់ព្រំដែន និងនៅសាលាដំបូងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ចំនួន ១ ៣៥៥រឿង ដែលមានជនល្មើសចំនួន ២ ១១៩នាក់ ដោយឡែកភាគីវៀតណាម និងឡាវ ក៏មានករណីបទល្មើសឆ្លងដែនខុសច្បាប់ដូចគ្នាដែរ។ ក្រៅពីនេះ ក៏មានសំណុំរឿងរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែនផងដែរ។
ជាមួយគ្នានេះ ផ្អែកលើទិន្នន័យនៃសំណុំរឿងព្រហ្មទណ្ឌឆ្លងដែន និងសំណុំរឿងរដ្ឋប្បវេណី និងពាណិជ្ជកម្ម ឆ្លងដែន ដែលកើតមាននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន អង្គសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន លើកទី៨ បានវាយតម្លៃខ្ពស់ចំពោះភាពចាំបាច់មិនអាចខ្វះបានក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាប និងដោះស្រាយ សំណុំរឿងនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។
បន្ថែមពីលើនេះ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ពីការបន្តលើកកម្ពស់គុណភាពចំណាត់ការរឿងក្តីនៃតុលាការជាប់ព្រំដែនប្រទេសទាំងបី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានា នូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យ និង បូរណភាពទឹកដីរៀងៗខ្លួន។
អង្គសន្និសីទ បានបញ្ជាក់ពីការបង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលរវាង តុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ទំនាក់ទំនង និងផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។ ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams), ការត្រួតពិនិត្យគ្រឿងញៀន ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារ ធនធានធម្មជាតិជាដើម។
បន្ថែមពីនេះ អង្គសន្និសីទក៏ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស រួមទាំងការលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធ យុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ “សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨” នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ៕




-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»