ព័ត៌មាន
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបញ្ចប់ការប្រកួតមិត្តភាពមួយទៀតហើយ ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ» ដោយកៀរគរបានថវិកាជាង ៤០០លានរៀល សម្រាប់ត្រៀមរៀបចំចាត់ចែងជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ។

ជំនួបមិត្តភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ដ្រីថ្នាក់ដឹកនាំ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមអបអរ និងទស្សនាការប្រកួតនេះ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្ររៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង ដែលការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ ផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។
គួរដឹងថា បន្ទាប់ពីក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសចាប់ផ្ដើមយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» តាមរយៈការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នេះគឺជាការប្រកួតទី២ បន្ទាប់ពីការប្រកួតដំបូង ទល់នឹងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែសីហា ដោយកៀរគរបានថវិកាជិត ៥០លានរៀលសម្រាប់ជួយដល់អ្នកភូមិរង់ចាំ។
ដោយមិនគិតពីការប្រកួតលក្ខណៈហ្វឹកហាត់ និងមិត្តភាពចំនួន ២ផ្សេងទៀត នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងមានការប្រកួតមិត្តភាពសប្បុរសធម៌មួយទៀត ទល់នឹងក្រុមបាល់ទាត់តារាកម្ពុជា ដែលនឹងរៀបចំនៅកីឡដ្ឋានស្ដាតចាស់ ។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំ ដើម្បីចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។
មកទល់ពេលនេះ ក្រោយយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ត្រូវបានប្រកាសបើកទទួលការបរិច្ចាគពីសប្បុរសជន កាលពីថ្ងៃទី១២ ខែសីហា រហូតមកទល់ពេលនេះ គេឃើញមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគយ៉ាងផុសផុល ទាំងថវិកា និងសម្ភារ ។ នេះបើយោងតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ។
រាល់ជំនួយទទួលបានពីការបរិច្ចាគទាំងអស់នេះ នឹងត្រូវរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំងអស់ ដោយថ្នាក់ដឹកនាំ និងកីឡាករនៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងរៀបចំកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងការត្រៀមរៀបចំនូវកម្មវិធីអមមួយចំនួន ដើម្បីស្វែងយល់ បង្កើនទំនាក់ទង ពិសេសបង្ហាញពីការនឹករលឹករបស់ប្រជាពលរដ្ឋខ្មែរដែលនៅជួរក្រោយ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ