ព័ត៌មាន
សម្ដេចធិបតី ឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែដល់សាលាដូង និងផ្អាកការអនុវត្តការរុះរើ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបញ្ជាឱ្យផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស ហើយបានឧបត្ថមថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតីបានថ្លែងថា កាលពីថ្ងៃទី១៨ ខែសីហានេះ សម្ដេចបានឆ្លៀតពេលជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។
ក្នុងឱកាសនោះ សម្ដេច បានបង្ហាញការចាប់អារម្មណ៍ពីសកម្មភាពរបស់លោក វណ្ណដេ ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ សម្ដេចថ្លែងថា ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្ដេច បានកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។
សម្ដេចបានបញ្ជាក់ថា ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង ១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេចបាន៖ ១. ចេញបទបញ្ជាឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយឲ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ និង៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣