Connect with us

ព័ត៌មាន

សាលា NPIC លើកទឹកចិត្តសិស្សទើបចប់ថ្នាក់ទី១២ ចាប់យកជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារកើនឡើង

វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានណែនាំដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ទោះជាប្រឡងជាប់ ឬធ្លាក់ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដោយ ត្រូវបានលើកទឹកចិត្តឱ្យពិចារណាលើការបណ្តុះបណ្តាល​ជំនាញអគ្គិសនី ខណៈដែលវិស័យឯកជនជាច្រើននៅកម្ពុជា បន្តប្រឈមនឹងតម្រូវការយ៉ាងខ្លាំងនូវពលកម្មលើជំនាញ។

ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី ដឹងកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ លោកបណ្ឌិត ចេង ហ៊ឈង ព្រឹទ្ធបុរសមហាវិទ្យាល័យ​អគ្គិសនី នៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សិស្សានុសិស្សគួរតែពិចារណាលើការអប់រំបច្ចេកទេស ជាផ្លូវឆ្ពោះទៅរកការងារធ្វើ ជាពិសេសនៅពេលដែលក្រុមហ៊ុន រោងចក្រ និងសហគ្រាស កាន់តែត្រូវការបច្ចេកទេស និងវិស្វករដែលមានជំនាញជាក់ស្តែង។​ មិនថាតែសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២នោះទេ លោកបានផ្ញើរសារលើកទឹកចិត្តសិស្សទាំងអស់ ឱ្យងាកមកចាប់យកការអប់រំបច្ចេកទេស ដោយលោកបានបន្ថែមថា សិស្សអាចជ្រើសរើសជំនាញផ្អែកលើចំណង់ចំណូលចិត្ត និងគោលដៅការងារជារបស់សិស្ស។

លោកបណ្ឌិត បានបញ្ជាក់ថា រាល់កម្មវិធីសិក្សាផ្នែកអគ្គិសនីដែលផ្តល់ដោយមហាវិទ្យាល័យ សុទ្ធតែឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទោះបីជាចំនួនសិស្សចុះឈ្មោះចូលរៀននៅ​មានចំនួនតិចជាងតម្រូវការបុគ្គលិករបស់ក្រុមហ៊ុនដែលមាន​កិច្ចសហប្រតិបត្តិការជាមួយ​សាលាក៏ដោយ។ បច្ចុប្បន្ន មហាវិទ្យាល័យ​អគ្គិសនី នៃវិទ្យាស្ថាន NPIC កំពុងផ្តល់ជូនកម្មវិធីសិក្សាថ្នាក់វិស្វកម្មចំនួន៤ រួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការបញ្ជូន និងចែករំលែកថាមពលអគ្គិសនី, ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពល។​

យុវជន អ៊ន សំអាត និស្សិតឆ្នាំទី៣ ជំនាញអគ្គិសនីបញ្ជូន និងចែកចាយថាមពល ដែលជាអតីតសិស្សនិទ្ទេសA មកពីខេត្តព្រៃវែង បាន​ឱ្យ ប៊ីធីវី ដឹងថា ការសម្រេចរៀនជំនាញនេះ ដោយសារទីផ្សារការងារនៅ​ក្នុង​ប្រទេសត្រូវការអ្នកបច្ចេកទេសច្រើន សូម្បីតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំ និងលើកទឹកចិត្តឱ្យសិស្សពូកែៗចូលរៀនបច្ចេកទេស ដើម្បីពង្រឹងវិស័យបច្ចេកទេសនៅកម្ពុជា។

ចំណែក លោក កញ្ញា មឿន សុហេង និស្សិតឆ្នាំទី៣ ជំនាញដូចគ្នាខាងលើ បាន​ឱ្យដឹងដែរថា កម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដែលមានតម្រូវការអ្នកបច្ចេកទេសច្រើន ដើម្បីជួយដល់សង្គមជាតិ និងតម្រូវការរបស់​ប្រទេសផងដែរ។ កញ្ញាជឿជាក់ថា ជំនាញដែលកំពុងរៀននេះ​ នឹង​មានទីផ្សារការងារខ្ពស់ ដោយសារ​ការវិនិយោគលើរោងចក្រ ឧស្សាហកម្មក្នុង​ប្រទេស​កាន់តែច្រើនឡើង​ ដូចនេះ​តម្រូវការអ្នកបច្ចេកទេសក៏នឹង​កាន់តែច្រើនដែរ ជាពិសេសខាងផ្នែកវិស្វកម្មអគ្គិសនីនេះ​។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មីនាពេលខាងមុខនេះ មហាវិទ្យាល័យ​អគ្គិសនី នៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ក៏មានផ្តល់អាហារូបករណ៍សម្រាប់កម្មវិធីសិក្សារយៈពេលវែង ទាំងកម្រិតបច្ចេកទេសជាន់ខ្ពស់ និងកម្រិតវិស្វកម្មផងដែរ។ សិស្សដែលប្រឡងបាននិទ្ទេស A ទទួលបានអាហារូបករណ៍ ១០០% ខណៈសិស្សទទួលបាននិទ្ទេស B ទទួលបានអាហារូបករណ៍ ៥០% ហើយអាហារូបករណ៍នៅឆ្នាំសិក្សាបន្ទាប់បន្សំ គឺអាស្រ័យលើលទ្ធផលសិក្សារបស់សិស្ស។​ ដោយឡែក សម្រាប់សិស្សនារី ក៏មានសិទ្ធិទទួលបានអាហារូបករណ៍ ៣០% ផងដែរ ដោយមិនគិតពីលទ្ធផលប្រឡងថ្នាក់ទី១២នោះឡើយ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia