ព័ត៌មាន
ពលរដ្ឋ ងាកមកពឹកផ្អែកលើសេវាសុខាភិបាលរដ្ឋកាន់តែខ្លាំង បន្ទាប់ពីរដ្ឋខិតខំពង្រឹងគុណភាពការផ្ដល់សេវា
ប្រជាពលរដ្ឋ បានងាកមកពឹងផ្អែកលើសេវាសុខាភិបាលរបស់រដ្ឋកាន់តែខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំពង្រឹងគុណភាព ក្នុងការផ្ដល់សេវា លឿនរហ័ស គុណភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។
អ្នកស្រី ជ័យ សិលា រស់នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលមកទទួលសេវាសម្រាលកូន នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ថា អ្នកស្រីកម្មការិនីរោងចក្រ ហើយតែងតែប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យ និងព្យបាលជំងឺ។ ហើយក្នុងពេលមានផ្ទៃពោះនេះ អ្នកស្រីទទួលបានអត្ថប្រយោជន៍ជាច្រើនពី បណ្ណ ប.ស.ស ដោយការពិនិត្យផ្ទៃពោះមិនអស់ និងទទួលបានប្រាក់ចំនួន ៤ លើកអំឡុងពេលពិនិត្យផ្ទៃពោះ ដោយក្នុងមួយលើកៗ ទទួលបាន ៨០,០០០រៀល និងក្រោយពេលសម្រាល ៨០០,០០០រៀលថែមទៀត។ អ្នកស្រី អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើពលរដ្ឋ ពិសេសគឺស្រ្ដីចាប់តាំងពីមានផ្ទៃពោះ រហូតដល់សម្រាល។
អ្នកស្រី ជ័យ សិលា ៖«យើងធ្វើការរោងចក្រ មានបណ្ណ ប.ស.ស អ៊ីចឹង គឺមានសេវាឱ្យយើងសម្រាល។ ហើយណាមួយខ្ញុំជ្រើសរើសសេវារដ្ឋ ជួយកាត់បន្ថយចំណាយលុយកាក់ អស់តិចជាងពេទ្យឯកជន ហើយសេវាកម្មល្អ។ ខ្ញុំមើលទៅលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ គាត់រាក់ទាក់ មិនដូចកន្លែងដែលខ្ញុំទៅផ្សេង។ ខ្ញុំសប្បាយចិត្ត សង្ឃឹមថាការសម្រាលសុវត្ថភាពដូចការំពឹងទុក»។
ចំណែកអ្នកស្រី លី សុខហេង ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់ថា អ្នកស្រីជាសមាជិកបេឡាជាតិសន្ដិសុខសង្គម បុគ្គលស្វ័យនិយោជន៍។ អ្នកស្រីបានប្រើប្រាស់បណ្ណ ប.ស.ស ចាប់តាំងពីឆ្នាំ២០២១មក ដោយមើលឃើញពីអត្ថប្រយោជន៍ច្រើន ក្នុងការពិនិត្យ និងព្យាបាលជំងឺ។ អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីប្រើបណ្ណ ប.ស.ស មកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរបស់រដ្ឋ សេវាកម្មកាន់តែល្អ បានលឿនរហ័ស ហើយក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អចំពោះអ្នកស្រី ក៏ដូចជាពលរដ្ឋផ្សេងៗទៀត។
អ្នកស្រី លី សុខហេង ៖«ខ្ញុំឧស្សាហ៍មកពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយសារផ្ទះខ្ញុំ និងផ្ទះកូនៗនៅម្ដុំពេទ្យនេះ។ ខ្ញុំមកលើកនេះ ពិនិត្យកែងជើង វាឈឺ ចង់មកថតមើល ក្រែងវារលាក់សសៃ ព្រោះឈឺចង់ ២ខែហើយ ចេះតែឈឺបាត់ៗ។ ខ្ញុំចាប់អារម្មណ៍ ទី១ ពេទ្យនេះជិតផ្ទះ ទី២ សេវាកម្មល្អ លឿនរហ័ស មកដល់អ្នកគ្រូពេទ្យយកចិត្តទុកដាក់ យើងអត់រង់ចាំយូរ មកហើយអាចប្រញាប់ទៅមើលចៅនៅផ្ទះវិញបាន។ ខ្ញុំថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ប្រជាពលរដ្ឋទូទាំងប្រទេស សេវាកម្មពេទ្យរដ្ឋលឿន»។
លោកស្រីវេជ្ជបណ្ឌិតឯកទេស ញ៉ែម ណាវី ឯកទេសផ្នែកជំងឺសើស្បែក នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់ថា ទំនុកចិត្ត របស់ពលរដ្ឋមកលើសេវាសុខាភិបាលរបស់រដ្ឋមានកំណើនខ្លាំង ពីព្រោះពេទ្យរដ្ឋបច្ចុប្បន្ននេះ មានគុណភាពខ្ពស់លើការពិនិត្យ និងព្យាបាល ខណៈរាជរដ្ឋាភិបាល បានពង្រឹងយ៉ាងខ្លាំងទៅលើធនធានមនុស្ស ការធ្វើទំនើបកម្មសម្ភារៈ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ជំរុញការផ្ដល់សេវាលឿនរហ័ស ២៤ម៉ោងលើ២៤ ពេញមួយសប្ដាហ៍ ដែលមានសេវាព្យាបាលជាច្រើនផ្នែក ដូចជាផ្នែកពិគ្រោះជំងឺទូទៅ ពិនិត្យឈាម ឆ្លុះអេកូ ពិនិត្យជំងឺសើស្បែក និងវះកាត់ជាដើម។
លោកស្រីវេជ្ជបណ្ឌិតឯកទេស ញ៉ែម ណាវី ឯកទេសផ្នែកជំងឺសើស្បែក នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ៖«បច្ចុប្បន្នភាពនេះ នាងខ្ញុំមើលឃើញថា នៅក្នុងពេទ្យបង្អែករាជធានីភ្នំពេញ មានការកើនឡើងគ្រប់សេវា នៃការមកទទួលព្យាបាលរបស់ប្រជាជនយើងទាំងអស់ គ្រប់ស្រទាប់វណ្ណៈ ទាំងផ្នែកបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) មូលនិធិសមធម៌ និងការបង់ប្រាក់។ ទាក់ទងជាមួយការពេញចិត្តរបស់ប្រជាជនយើងមកលើការផ្ដល់សេវាជូនគាត់ ខ្ញុំចង់និយាយពីផ្នែកសើស្បែករបស់ខ្ញុំផ្ទាល់ គឺគាត់ [ពលរដ្ឋ] ពេញចិត្តខ្លាំងទៅលើការផ្ដល់សេវាប្រកបដោយគុណភាព។ ធម្មតាអ្នកជំងឺគាត់មកព្យាបាលគាត់ចង់បានបំផុត គឺការព្យាបាលជា ហើយផ្ដល់សេវាទាន់ពេលវេលា មិនរង់ចាំយូរ លើកលែងក្នុងករណីអ្នកជំងឺច្រើន យើងបានលើកទឹកចិត្តឱ្យរង់ចាំ ព្រោះយើងមិនបានឆកល្វែងទុកពួកគាត់ចោលទេ តែដោយសារមនុស្សច្រើន។ អ៊ីចឹង ពលរដ្ឋគាត់សប្បាយចិត្តក្នុងការមកទទួលសេវាសុខាភិបាលរបស់យើង»។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់ក្នុងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ មនុស្ស គឺជាអាទិភាពចម្បង។ រាជរដ្ឋាភិបាល បានដាក់ទិសដៅ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន តាមរយៈផែនទីបង្ហាញផ្លូវ ឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ពង្រីកវិសាលភាព នៃការគ្របដណ្ដប់ពលរដ្ឋ ដោយប្រព័ន្ធគាំពារសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប។ កាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់របស់ពលរដ្ឋ លើការថែទាំសុខភាព ឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុប លើវិស័យសុខាភិបាល។ តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានទៅសម្រេចគោលដៅ តាមរយៈការផ្ដល់បណ្ណសមធម៌សុខាភិបាល ជូនពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ បណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) សម្រាប់មន្រ្ដីរាជការ កម្មករ និយោជិត និងបុគ្គលស្វ័យនិយោជន៍ ដែលបង់វិភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត៕







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា