ព័ត៌មាន
ក្រសួងការងារ ចាត់វិធានការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
(ភ្នំពេញ)៖ ជនបរទេសដែលជាថ្នាក់ដឹកនាំកម្មករនិយោជិតក្នុងរោងចក្រចំនួន ២នាក់ ត្រូវបានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដែលតម្រូវឱ្យធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងបានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខ បងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថា ឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។
ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងរបស់បងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជនផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនជាមានករណីបែបនេះជាលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ការចេញសេចក្តីជូនដំណឹងនេះ គឺបន្ទាប់ពីក្រសួងពិនិត្យមើលឃើញនូវការប្រព្រឹត្តរបស់អ្នកគ្រប់គ្រង មេកា ប្រធានផ្នែក អ្នកបកប្រែ បានប្រើប្រាស់ភាសាមិនសមរម្យ និងអាកប្បកិរិយាមិនគប្បីចំពោះបងប្អូនកម្មករនិយោជិត។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រសួងស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិន អ្នកគ្រប់គ្រង និងអ្នកជំនាញបរទេសដែលមកធ្វើការ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែគ្រប់គ្នាត្រូវគោរពច្បាប់ សុជីវធម៌ វប្បធម៌ខ្មែរ និងជាពិសេសត្រូវគោរពសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរ។ កន្លែងការងារត្រូវជាកន្លែងដែលមានការគោរពគ្នាទៅវិញទៅមក មិនមែនជាកន្លែងសម្រាប់ការប្រើពាក្យសម្តី ឬអាកប្បកិរិយាប្រមាថមើលងាយនោះទេ ដើម្បីកសាងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយតាមការចង្អុលបង្ហាញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីប្រកាន់ខ្ជាប់»។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងទាំងពីរដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះកម្មករនិយោជិត ត្រូវបានក្រសួង តម្រូវឱ្យអ្នកទាំងពីរធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខបងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថា នឹងឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត ហើយបើមានលើកទី២ទៀតនោះ ជនបរទេសនឹងត្រូវប្រឈមនឹងការដកហូតអាជ្ញាបណ្ណការងារជនបរទេស និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបបញ្ជាក់ពីលោកស៊ុន មេសាដដែល។
បើតាមអ្នកនាំពាក្យរូបនេះ បងប្អូនកម្មករនិយោជិតដែលបានឃើញ ឬរងនូវអំពើនានាក៏អាចជូនដំណឹងពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ មកអធិការការងារ តាមរយៈប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ឬប្រព័ន្ធទូរសព្ទ Hotline លេខ «១២៨៦»៕








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»