ព័ត៌មាន
សមត្ថកិច្ចផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងល្មើសអនុក្រឹត្យ០៣ ជាង៧ប៊ីលានរៀល ឬជិត២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាលរាជធានី ខេត្តទូទាំងប្រទេស ដោយបានរកឃើញម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យ០៣ ពិន័យជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៦៣.២០០.០០០រៀល ឬស្មើនឹង១.៩៤០.៨០០អាម៉េរិក។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមប្រាក់ពិន័យសរុប សមត្ថកិច្ចបានផាកពិន័យតាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុប ២៦. ៤០០.០០០រៀល និងបានពិន័យតាមមាត្រា២០ សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល។
តាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។
មាត្រា១៦នៃអនុក្រឹត្យ បានចែងតម្រូវ ឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំ។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវថែរក្សាឱ្យបានហ្មត់ចត់នូវគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅនិង/ឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការកែលម្អប្រព័ន្ធការពារសន្តិសុខ។
ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន។
សូមបញ្ជាក់ថាអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យនេះ ត្រូវបានចាត់ទុកជាដាវអាជ្ញាមួយ ដែលផ្ដល់លទ្ធភាពឱ្យមន្រ្តីមានសមត្ថកិច្ច បោសសម្អាតជនបរទេសពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានប្រសិទ្ធភាព៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣