ព័ត៌មាន
អ្នកនាំពាក្យ៖ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងកែប្រែស្ថានការណ៍នៅលើដីជាក់ស្ដែងរបស់យោធាថៃ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការធ្វើសកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (fait accomplis) របស់កងកម្លាំងយោធាថៃ មិនត្រឹមតែបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពទាំងអស់នេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។
ឯកឧត្តមថ្លែងថា៖«ការចូលកាន់កាប់ទឹកដីនៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ទីតាំងសាសនា ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩០៧ ជាដើម។
ឯកឧត្តមបន្តថា ច្បាប់អន្តរជាតិដូចបានរៀបរាប់ខាងលើហាមប្រាមការចូលកាន់កាប់ទឹកដី នៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងពីការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីសំណាក់បុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ដោយបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បានធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ជាពិសេសការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង(fait accomplis) និងរារាំងការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមបានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតទៅប្តឹងតវ៉ាយ៉ាងខ្លាំង ជូនទៅដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយស្ថាប័នទាំងនោះបានទទួលដឹងលឺអំពីការរំលោភបំពានទាំងនេះ ហើយបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ និងចាត់វិធានការទៅតាមសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសចំពោះមុខប្រជាជាតិខ្មែរថា៖ «ការការពារទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដាច់ខាត មិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់ចំពោះមុខប្រជាជាតិខ្មែរថា៖ «កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព តែដាច់ខាតមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិនិងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ មិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនោះ កម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ បង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំដែលឈរនៅពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនដ៏អង់អាចក្លាហាន។ ដោយសារការបំពានលើបូរណភាពទឹកដីកម្ពុជា និងបំពានច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ គឺជារឿងដែលមិនអាចបដិសេធបាន និងដោយសារសកម្មភាពការងារការទូតសកម្ម និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនរបស់ខ្លួនតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ សហគមន៍អន្តរជាតិក៏មិននៅស្ងៀមឡើយ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភានៃបណ្តាប្រទេសនិយាយភាសាបារាំង(APF) បណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ ក៏ដូចជាជនបរទេស ដែលមានឥទ្ធិពលលើបណ្តាញសង្គម បានចេញមុខនិយាយពីបញ្ហានេះជាបន្តបន្ទាប់។ ពួកគេជំរុញឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ និងទាមទារឱ្យជនភៀសសឹកកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញឱ្យបានឆាប់បំផុត។
ចំណែកព្រំដែនសមុទ្រវិញ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ ដែលកំពុងដំណើរការ គឺជាឧទាហរណ៍មួយនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះដំណោះស្រាយដោយសន្តិវិធីតាមយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទាំងនេះ គឺជាសញ្ញាច្បាស់លាស់ដែលបញ្ជាក់ថា គ្មានការរំលោភបំពានច្បាប់អន្តរជាតិណាមួយត្រូវបានអនុគ្រោះឡើយ៕



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន5 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន2 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
ព័ត៌មាន1 week agoការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា