ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះចំនួន ២០០ខ្នង អំណោយសម្តេចតេជោ និងសម្ដេចធិបតី ជូនអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តបាត់ដំបង
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ផ្ទះចំនួន ២០០ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈ ក្រុមហ៊ុន ជីប ម៉ុង។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបរិច្ចាគថវិការួមចំណែកជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។

ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១សមាគម ឯកឧត្តម គន់ គីម លើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវីរភាពរបស់វីរយុទ្ធជនទាំងអស់ជាអ្នកមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានដោះស្រាយផ្តល់ផ្ទះ ផ្តល់ដីជូនអតីតយុទ្ធជនជាបន្តបន្ទាប់ ដែលនេះជាការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម គន់ គីម បន្តថា ដើម្បីលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន នាពេលខាងមុខសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងធ្វើការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់បង្កបង្កើនផល ដោយក្នុងមួយគ្រួសារទទួលបាន ១ហិកតា។

លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងជាមគ្គុទ្ទេសក៍ឯកកំពូលរបស់កម្ពុជា ក្នុងការរក្សាជំហរសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសការផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំកម្លាំង និងធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនគ្រប់រូប ដែលបានធ្វើពលិកម្មយ៉ាងធំធេងចំពោះជាតិមាតុភូមិ។
លោកអ្នកឧកញ៉ា លាង ឃុន បន្តថា ការរួមចំណែកទំនុកបម្រុងដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន គឺជាដំណើរដ៏មានអត្ថន័យបំផុសសម្រាប់ក្រុមហ៊ុន ជីប ម៉ុង ព្រោះនេះជាការបង្ហាញការគោរពដឹងគុណ និងយល់ច្បាស់ពីតម្លៃនៃការបំពេញភារកិច្ច ដែលបានលះបង់ទាំងយុវភាព កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ។
លោកអ្នកឧកញ៉ា លាង ឃុន បន្ថែមថា គ្រប់ស្លាកស្នាមនៅលើរាងកាយរបស់អតីតយុទ្ធជន និងនិវត្តជន និងការបូជាសាច់ស្រស់ ឈាមស្រស់របស់វីរយុទ្ធជនជាច្រើនរូបទៀត គឺជាភស្តុតាងនៃវីរភាពអង់អាច ក្នុងការការពារទឹកដី ហើយក៏ជាគុណបំណាច់ដ៏ធំធេងដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ និងគុណជានិច្ច៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣