ព័ត៌មាន
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
ការបង្ក្រាបបានដោយជោគជ័យ បទល្មើសគ្រឿងញៀនខ្នាតធំមួយ លើដីកោះខេត្តព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាទឡ្ហីករណ៍ជាក់ស្ដែងថ្មីមួយទៀតដែលបញ្ជាក់ពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក។ លទ្ធផលនេះ ត្រូវបានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកថាជាការរួមចំណែករវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មមានការរៀបចំជាប្រព័ន្ធ។
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម។
បើតាមស្ថានទូតអាម៉េរិក កិច្ចសហប្រតិបត្តិការរវាង ការិយាល័យ DEA ប្រចាំនៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey ក៏បានជួយឱ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោន រកឃើញបណ្តាញក្នុងស្រុកមួយ ដែលមានប្រតិបត្តិការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ឱ្យក្រុម Sinaloa Cartel។ ស្ថានទូតបានចាត់ទុកប្រតិបត្តិការជាមួយកម្ពុជាទាំងនេះជាប្រតិបត្តិការកម្រិតខ្ពស់ និងជាការបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។
ពីចំណែកកម្ពុជា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២០ ខែសីហានេះថាកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអាម៉េរិក មិនមែនទើបតែមានថ្មីថ្មោងនេះទេ ប៉ុន្តែគឺជាបច្ច័យវិជ្ជមានថ្មីមួយទៀតដែលបានមកពីការបន្តនយោបាយដឹកនាំរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកបានបន្ថែមក្នុងន័យដើមថា«យើងបានធ្វើការងារជាមួយគ្នាជាច្រើនទសវត្សរ៍មកហើយ ទៅលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀននេះតែម្តង»។
បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន កម្ពុជា និងអាម៉េរិក បានកំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម ហើយថាកម្ពុជាក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធ (FBI) លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនខុសពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅដែរ គឺតែងតែ និងបានបន្តបើកទូលាយជាមួយរាល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីកម្ចាត់ទាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែននានា សំដៅធានានាំមកនូវវិបុលភាពជូនប្រជាជនកម្ពុជា អាម៉េរិក និងមនុស្សជាតិលើពិភពលោក៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣