ព័ត៌មាន
ការនាំចេញផលិតផល GFT របស់កម្ពុជារំពឹងកើនលើស ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ឬលើស ១៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ដែលនឹងក្លាយជាកម្រិតខ្ពស់បំផុតថ្មីមួយសម្រាប់វិស័យនេះ។ ការរំពឹងទុកនេះកើតឡើងបន្ទាប់ពីការនាំចេញ GFT នៅតែបន្តមានសន្ទុះកំណើនក្នុងឆមាសទី១ ឆ្នាំ២០២៦។ ជារួម វិស័យនេះបានបង្ហាញពីកំណើនប្រកបដោយស្ថិរភាព ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ពីទីផ្សារសំខាន់ៗ និងការបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម GFT របស់កម្ពុជា។
រាជរដ្ឋាភិបាលបានចាត់ទុក វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) គឺជាវិស័យស្នូលមួយក្នុងការជំរុញការនាំចេញរបស់កម្ពុជា ហើយវិស័យនេះនៅតែបន្តរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យ GFT បាននាំចេញសរុបបានកើនឡើងពី ៧,៦៣ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដល់ ៨,០៩ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលកើនចំនួន ៤៦៦,៦៩ លានដុល្លារអាមេរិក ឬ ស្មើនឹង៦,១២%។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុត ដោយការនាំចេញបានកើនឡើងពី ៣,០៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដល់ ៣,៥៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៦ ស្មើនឹង ៤៣,៧% នៃការនាំចេញផលិតផល GFT សរុប។ ផលិតផលសម្លៀកបំពាក់នៅតែជាផលិតផលនាំចេញឈានមុខគេរបស់កម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តួលេខនេះជាកំណើនមួយគួរឱ្យចាប់អារម្មណ៍ បើទោះជា រងសម្ពាធពីពន្ធបដិការបស់សហរដ្ឋអាមេរិក ក៏ការនាំចេញផលិត GFT នៅតែឈរជើងយ៉ាងរឹងមាំនៅទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារចម្បងជាងគេរបស់កម្ពុជា ហើយ រាជរដ្ឋាភិបាលមានទំនុកចិត្តខ្ពស់ថា វិស័យ GFT នឹងបន្តរីកចម្រើនតទៅទៀត ខណៈដែលការវិនិយោគទៅលវិស័យនេះនៅតែបន្តកើនឡើងជាលំដាប់។
ឯកឧត្តម មានប្រសាសន៍ថា៖ «យោងទៅតាមការបញ្ជាទិញ GFT នៅតែមាន ហើយ បច្ចុប្បន្ននេះ រដូវដែលមានការនាំចេញច្រើននឹងបន្តរហូតដល់ខែតុលា អីចឹង កម្ពុជានៅតែ មានសេចក្តីសង្ឃឹមថា ទំនិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែមានទីផ្សារនៅឡើយ។ ផលិតផលនេះ នៅតែជាទីសង្ឃឹមរបស់កម្ពុជានៅឡើយ បើទោះបីជា មានបញ្ហាអ្វីផ្សេងៗក៏ដោយ ដែលកើតមានឡើងកន្លងមក។ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលពាណិជ្ជកម្ម ទាំងការបំពេញសេវាសាធារណៈ ទាំងការបំពេញលក្ខខណ្ឌទីផ្សារ សម្រាប់ទីផ្សារនានា ជាពិសេស វិធានប្រភពដើមទំនិញ និងការជួយសម្របសម្រួលលក្ខខណ្ឌទីផ្សារផ្សេងៗទៀតស្របតាមតម្រូវការរបស់ប្រទេសជាទីផ្សាររបស់កម្ពុជា»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់នៅតែជាប្រភេទផលិតផលធំជាងគេ ដែលមានចំនួន ៦៨,៨% នៃការនាំចេញសរុបនៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ តាមពីក្រោយដោយ ផលិតផលស្បែកជើង ១៣,៧% និងផលិតផលធ្វើដំណើរនិងការបូប ១៣,០% និងផលិតផលវាយនភណ្ឌផ្សេងទៀត មានចំនួន ៤,៨%។ នេះគឺបានឆ្លុះបញ្ចាំងថា វិស័យនេះនៅតែបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗ និងរក្សាបានស្ថិរភាពទីផ្សារសម្រាប់ការនាំចេញ ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក។
លោក កាំង ម៉ូនីកា មានប្រសាសន៍ថា៖ «ជាការពិតបើទោះជាបី កម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក៏លោកមើលឃើញថានិន្នាការវិនិយោគថ្មីៗនៅតែបន្តកើតមាន ហើយការបញ្ជាទិញនៅតែមានគ្រប់គ្រាន់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក»។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ វិស័យ GFT របស់កម្ពុជាមានប្រហែល ១,៨០០ រោងចក្រ/សហគ្រាស និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១,១១ លាននាក់ ដែលប្រមាណ ៧៥% នៃកម្មករ-និយោជិតជាស្ត្រី៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ