ព័ត៌មាន
គ្រឹះស្ថាន ធីវ៉េត ជំរុញយុវជនចាប់យកជំនាញសំណង់និងវិស្វកម្ម ឆ្លើយតបនឹងប្រទេសកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកទឹកចិត្តយុវជនកម្ពុជាឱ្យចាប់យកជំនាញសំណង់ស៊ីវិល ស្ថាបត្យកម្ម និងវិស្វកម្ម ដោយសារជំនាញទាំងនេះនៅតែមានតម្រូវការខ្ពស់ពីទីផ្សារការងារ ស្របពេលប្រទេសកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង។
ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី លោក ហុង វាសនា សាស្ត្រាចារ្យជំនាញសំណង់ស៊ីវិល នៃមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម បានលើកឡើងឱ្យដឹងថា វិទ្យាស្ថាន NPIC ផ្តល់ការបណ្តុះបណ្តាលជំនាញជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសំណង់ រួមមាន សំណង់ស៊ីវិល ស្ថាបត្យកម្ម និងការរចនាដី ដោយរួមបញ្ចូលទាំងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ បច្ចុប្បន្ន សិស្សានុសិស្សមានការចាប់អារម្មណ៍កាន់តែច្រើនលើជំនាញបច្ចេកទេស ព្រោះជំនាញទាំងនេះអាចផ្តល់ឱកាសការងារបានល្អ និងឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ។
លោកបានបន្តថា សម្រាប់សិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប ទោះបីជាជាប់ ឬមិនជាប់ ក៏នៅតែមានឱកាសចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នេះបាន ខណៈនៅក្នុងវិទ្យាស្ថាន សិស្សចាប់ផ្តើមពីថ្នាក់បរិញ្ញាបត្ររង ហើយអាចបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រ ឬវិស្វកម្មនៅពេលក្រោយបាន។
លោក កែវ ថារិទ្ធ សាស្ត្រាចារ្យដូចគ្នាខាងលើ បានឱ្យដឹងដែរថា កម្មវិធីសិក្សាផ្នែកសំណង់ស៊ីវិលនៅ វិទ្យាស្ថាន NPIC ត្រូវបានធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍជាប្រចាំ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេស និងតម្រូវការជំនាញនៅក្នុងវិស័យការងារ។ លោកបន្ថែមថា វិស័យសំណង់ស៊ីវិលមានវិសាលភាពទូលំទូលាយ ដោយសិស្សអាចជ្រើសរើសជំនាញពាក់ព័ន្ធនឹងការសាងសង់អគារ ផ្លូវ ស្ពាន សុរិយោដី និងជំនាញផ្សេងៗទៀត។
យុវជន សឹក ដេត មកពីខេត្តពោធិ៍សាត់ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ រៀនជំនាញសំណង់ស៊ីវិល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ ជាពិសេសសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងមានចំណាប់អារម្មណ៍លើវិស័យសំណង់អាចស្វែងរកព័ត៌មាន និងពិចារណាចាប់យកជំនាញនេះ ដោយសារ វិទ្យាស្ថាន NPIC មានសម្ភារៈ ឧបករណ៍សិក្សាទំនើប និងកម្មវិធីបណ្តុះបណ្តាលជាច្រើនសម្រាប់គាំទ្រការរៀនទាំងទ្រឹស្តី និងការអនុវត្ត។
ទន្ទឹមនេះ ទាំងសាស្ត្រាចារ្យ និងក្រុមនិស្សិត ក៏បានផ្ញើរសារលើកទឹកចិត្តជំរុញឱ្យយុវជនចាប់យកជំនាញបច្ចេកទេស មិនត្រឹមតែជួយឱ្យមានឱកាសចូលទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ នៃអាណត្តិរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យុវជន និងប្រជាពលរដ្ឋចំនួនជិត ៥០ម៉ឺននាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ទទួលបានការងារសមរម្យ ប្រាក់ចំណូលប្រសើរ និងអនាគតកាន់តែច្បាស់លាស់៕អត្ថបទ៖ ឈិត បូរ៉ាវី















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣