ព័ត៌មាន
កម្ពុជាបង្កើនការយល់ដឹងពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
កម្ពុជារៀបចំសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា លើការបើកចំហកាលានុវត្តភាពវិនិយោគ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ស្តីពីការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហ កាលានុវត្តភាពវិនិយោគ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុង ប្រតិបត្តិការ និងមានបំណងស្វែងរកឱកាសពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០០ស្ថាប័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យ ឯកជនជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា «មិត្តដែកថែបនិងជាកិច្ចសហប្រតិបត្តិការយូរអង្វែង» ដែលផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ ដល់វិនិយោគិនចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងស៊ីជម្រៅនូវមូលហេតុសំខាន់ៗ ដែលវិនិយោគិនគួរជ្រើសរើសកម្ពុជា ជាគោល ដៅវិនិយោគរួមមាន៖ ១. សន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ រួមជាមួយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាប, ២. កម្លាំង ពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត និងងាយស្រួលក្នុងការបណ្តុះបណ្តាល, ៣. ច្បាប់ស្តីពីវិនិយោគមានភាពបើកចំហ អំណោយផល ខ្ពស់ និងផ្តល់នូវកញ្ចប់លើកទឹកចិត្តសម្បូរបែបដល់វិនិយោគិន, ៤. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាជាអាទិ៍ ការលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ព្រមទាំងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិស័យភស្តុភារកម្មជាតិ, ៥. កម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅចំកណ្តាលតំបន់ (មហា អនុតំបន់មេគង្គ,អាស៊ាន, អាស៊ាន+៥) និងមានការបើកចំហទីផ្សារទូទាំងសកលលោក និងការសម្រេចបាននូវការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ (ART) មុនគេជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនទៀត។
ជាការឆ្លើយតប តំណាងវិនិយោគិនចិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី និងចែករំលែកព័ត៌មានយុទ្ធសាស្ត្រសំខាន់ៗ។ តំណាងវិនិយោគិនក៏បាន បង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលវិនិយោគនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និសីទនេះ អ្នកវិនិយោគទាំងអស់ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការរៀបចំ ផែនការ និងការសម្រេចចិត្តវិនិយោគជាក់ស្តែងនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ