ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អ៊ុ សុខ អនុប្រធាន គ.ជ.គ.ម. , ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ។
ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ រួមមាន ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មេី ៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៥៩៦គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ ៥២៦គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន។
បច្ចុប្បន្ន អាជ្ញាធរបានរៀបចំ ទីទួលសុវត្ថិភាពចំនួន៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់។ ជាមួយគ្នានេះ សត្វពាហនៈសរុបចំនួន ៧០២ក្បាល ក៏ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពផងដែរ។
ក្នុងអំឡុងពេលចុះពិនិត្យ ឯកឧត្តម គីម វីរៈ បានផ្តោតការយកចិត្តទុកដាក់លើស្ថានភាពប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមទីទួលសុវត្ថិភាព ជាពិសេសការធានាឱ្យមានទឹកស្អាត អនាម័យ បង្គន់អនាម័យ ភ្លើងបំភ្លឺ និងលក្ខខណ្ឌចាំបាច់ផ្សេងៗ ដើម្បីធានាថាការជម្លៀសប្រជាពលរដ្ឋមិនត្រឹមតែជាការផ្លាស់ទីចេញពីតំបន់ប្រឈមហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេនៅទីតាំងសុវត្ថិភាពផងដែរ។
បច្ចុប្បន្ន លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងរដ្ឋបាលស្រុកកំពុងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំនានា ដើម្បីរៀបចំ ស៊ីទែនទឹក ប្រព័ន្ធតទឹកស្អាត បង្គន់អនាម័យ និងអំពូលសូឡានៅតាមទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានជម្លៀស។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសនៅពេលស្នាក់នៅតាមទីទួលសុវត្ថិភាព។
ឯកឧត្តម គីម វីរៈ បានស្នើឱ្យប្រជាពលរដ្ឋស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។
លើសពីនេះ សូមឱ្យមាតាបិតា និងអាណាព្យាបាលយកចិត្តទុកដាក់ចំពោះកុមារតូចៗ មិនត្រូវអនុញ្ញាតឱ្យកុមារចុះលេង ឬហែលទឹកនៅក្នុងតំបន់ដែលមានទឹកជំនន់ឡើយ ដោយសារអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសសូមរក្សាកុមារឱ្យនៅឆ្ងាយពីតំបន់ទឹកជំនន់ និងស្ថិតក្រោមការមើលថែរបស់មនុស្សធំជានិច្ច។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើ អនាម័យ ទឹកស្អាត និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ទឹកជំនន់ប៉ះពាល់ខេត្តចំនួន ៤ (ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម) ស្មើ ១៤ ក្រុង-ស្រុក ៦៨ ឃុំ-សង្កាត់ ដោយផលប៉ះពាល់សរុបរួមមាន៖ ប្រជាពលរដ្ឋ ប្រមាណ៖ ៥,៣០៤ គ្រួសារ; ជម្លៀស ប្រមាណ៖ ៥៦៨ គ្រួសារ; ផ្ទះ ប្រមាណ៖ ២,៦៨២ ខ្នង; ស្រូវ ប្រមាណ៖ ២,១៨៤ ហត៕











-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ