ព័ត៌មាន
មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ដោយសារជំនន់ទន្លេមេគង្គ
មន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ថា ជំនន់ទន្លេមេគង្គ បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ នាំឱ្យប្រជាពលរដ្ឋជាង ១,៥០០គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ឯកឧត្ដម សុទ្ធ គឹមកុលមុនី មន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់ BTV នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ថា គិមត្រឹមថ្ងៃទី២៣ ខែសីហា ម្សិលមិញ ជំនន់ទន្លេមេគង្គ បានប៉ះពាល់ក្រុង-ស្រុក ចំនួន១៥ និង៧២ ឃុំ-សង្កាត់ នៅក្នុងខេត្តចំនួន៤ ដែលរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ហើយទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ១៣,៦៨៨គ្រួសារ និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ១,៥៥១គ្រួសារ ខណៈដែលខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ រងផលប៉ះពាល់ច្រើនជាងគេ។

ឯកឧត្ដម បញ្ជាក់ថា ឆ្លើយតបចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចុះទៅដល់ខេត្ត ដែលកំពុងជួបគ្រោះទឹកជំនន់ សហការជាមួយអាជ្ញាធរ អន្ដរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ គឺអាចធានាបាន ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម សុទ្ធ គឹមកុលមុនី មន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ៖«ដោយឡែកខេត្តក្រចេះ រងផលប៉ះពាល់ច្រើនជាងគេ រួមមានប្រជាពលរដ្ឋប្រមាណ ៧,៩៣៤គ្រួសារ និងខេត្តត្បូងឃ្មុំ ប្រមាណ ៣,៩៥១គ្រួសារ។ ឆ្លើយតបចំពោះផលប៉ះពាល់នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឱ្យមន្រ្ដីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យ ចូលរួមសម្របសម្រួល និងអន្ដរាគមន៍ឆ្លើយតប ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ ហើយឯកឧត្ដម ក៏បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំផងដែរ។ បន្ទាប់ពីពិនិត្យផលប៉ះពាល់ ៣ថ្ងៃមកនេះ (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦-ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦) ឃើញថា ផលប៉ះពាល់មានការកើនឡើង ឯកឧត្ដម គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់ លើតម្រូវការចាំបាច់ ជាពិសេសបញ្ហាសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព តំបន់ប្រឈមហានិភ័យ ព្រមទាំងត្រូវតាមដានកម្ពស់ទឹកទន្លេមេគង្គ និងរាយការណ៍ជាប្រចាំ ដើម្បីត្រៀមអន្ដរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា»។

សូមជម្រាបជូនថា ទឹកទន្លេមេគង្គបានហក់ឡើងខ្លាំង បង្កជាជំនន់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ទន្ទឹមនិងបង្កផល់ប៉ះពាល់ដល់ពលរដ្ឋជាង ១៣,៦៨៨គ្រួសារ និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាង ១,៥៥១គ្រួសារ ទឹកជំនន់នេះ ក៏បង្កផលប៉ះពាល់ដល់ ដំណាំស្រូវជាង ៤,៣៧៣ហិកតាផងដែរ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កត្តាដែលនាំឱ្យមានជំនន់ទន្លេមេគង្គពេលនេះ គឺបណ្ដាលមកពីឥទ្ធិពល ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ។ ក្រសួងបញ្ជាក់ថា ស្ថានភាពនេះ នឹងអូសបន្លាយដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ ហើយឥទ្ធិពលព្យុះ ក្រៅពីបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ បណ្ដាខេត្ត នៅទូទាំងប្រទេស កម្ពុជា ក៏នឹងមានភ្លៀងធ្លាក់ តិច ច្រើនតាមតំបន់ រួមជាមួយខ្យល់កន្រ្ដាក់ និងផ្គររន្ទះផងដែរ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកក្នុងអាងទន្លេមេគង្គ ខេត្តក្រចេះ បន្តឡើងខ្ពស់ ២១.៧៣ម៉ែត្រ ខណៈដែលកម្ពស់ទឹក ត្រូវប្រុងប្រយ័ត្នគឺ ២២ម៉ែត្រ ចំណែកកម្ពស់ទឹកក្នុងអាងទន្លេមេគង្គ ខេត្តកំពង់ចាម គឺ ១៤.០៨ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន គឺ ១៥.២០ម៉ែត្រ៕ អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ