ព័ត៌មាន
អនុប្រធានទ១ CDC៖ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស
កំពត៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រវិស័យឯកជន ក្នុងនាមជាដៃគូដ៏សំខាន់សម្រាប់ការបង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រីកសកម្មភាពផលិតកម្ម និងការងារជូនប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះវិស័យឯកជន ព្រោះជាដៃគូសំខាន់ក្នុងការបង្កើតការងារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង ខណៈឆ្នាំ២០២៥ មានចំនួន ៦៣០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦ គិតត្រឹមសប្តាហ៍មុន (ក.អ.ក.) បានអនុម័ត ២២១គម្រោង មានទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១៤៣,០០០កន្លែង ខណៈការប៉ាន់ស្មានដល់ដំណាច់ឆ្នាំ អាចមានគម្រោងវិនិយោគសរុបជាង៣០០គម្រោង។ ការថយចុះនេះគឺដោយសារ វិបត្តិសង្គ្រាមនៅមជ្ឍិមបូព៌ា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ និងផលជះនៃវិបត្តិ Online Scam ជាដើម តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់គៀគរអ្នកវិនិយោគមកបន្ថែមទៀត តាមរយៈការធ្វើកំណែទម្រង់ផ្សេងៗរបស់ (ក.អ.ក) ពិសេសរង់ចាំជួយសម្រួលដល់វិស័យឯកជន រាល់បញ្ហាលំបាក និងក្តីកង្វល់ផ្សេងៗ។

អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនបានវិនិយោគទុនជាង ៣០០លានដុល្លារ ហើយគ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មទី២ ដែលមានសមត្ថភាពផលិតប្រមាណ ១.៥ដង នៃខ្សែផលិតកម្មទី១ ដោយត្រូវការទុនបន្ថែមប្រមាណ ៣០០-៣៥០លានដុល្លារ ដើម្បីបំពាក់បច្ចេកវិទ្យាទំនើប ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រប់គ្រងប្រព័ន្ធផលិតកម្ម។ ការពង្រីកផលិតកម្មនេះ ក៏មានគោលបំណងបង្កើនសមត្ថភាពផលិតស៊ីម៉ងត៍ក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ខណៈដែលរោងចក្រស៊ីម៉ង់ត៍អូដ្ឋទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ជាអន្តរជាតិថាមានផលប៉ះពាល់ដល់បរិស្ថានតិចបំផុត។
អ្នកឧកញ៉ា លាង ពៅបានបន្ថែមថា ក្រៅពីការវិនិយោគ និងបង្កើតការងារ ក្រុមហ៊ុនក៏បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យនានា ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត និងជួបការលំបាក ដោយទឹកប្រាក់សរុបជិត ៤៤លានដុល្លារ។ ហើយក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគប្រមាណ ៩លានដុល្លារ ដើម្បីឧត្តម្ភគាំទ្រកងទ័ពជួរមុខ ជនភៀសសឹក និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែន៕




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ