ព័ត៌មាន
សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានជាឯកអគ្គរាជទូតរបស់អារ៉ាប់ប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា, សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ នឹងញាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ថាមើ ម៉ូហាមេដ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ, ឯកឧត្តម បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលតាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូររវាងធុរជនរបស់អារ៉ាប៊ីសាអូឌីតមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបានពង្រឹងបន្ថែមទៀតលើវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេស ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើង។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងប្រជាជន និងប្រជាជន។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ, ក្នុងនោះសម្ដេចតេជោ ចាប់អារម្មណ៍ទៅលើទំនាក់ទំណងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកថា គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។
បន្ថែមលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនចំនួនបីសំខាន់ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះទី១ សម្ដេចតេជោ បានជំរុញបន្ថែមទៀតចំពោះការផ្លាស់ប្ដូរនូវទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាំបន្ថែមទៀត។ ទី២ គឺការផ្លាស់ប្ដូរអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត និងធុរជនកម្ពុជាទៅវិញទៅមក ឱ្យធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិនិយោគលើការកែច្នៃដើម្បីនាំចេញផលិតផលរបស់កម្ពុជា ដូចជាកសិកម្មយកទៅលក់នៅអារ៉ាប៊ីសាអូឌីត។ ចំណែកចំណុចទី៣ សម្ដេចតេជោ បានជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតជាពិសេសផ្ដោតលើវិស័យទេសចរណ៍តែម្ដង ដើម្បីជំរុញបន្ថែមទៀតលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕


.


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣