Connect with us

ព័ត៌មាន

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអនឡាញស្គេម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅខណ្ឌពោធិសែនជ័យចំនួន០២ទីតាំង និង ខណ្ឌឬស្សីកែវកែវចំនួន២ទីតាំង ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២៤ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យចំនួន៤ទីតាំងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ ដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងនោះខណ្ឌពោធិសែនជ័យចំនួន២ទីតាំង ឃាត់ខ្លួន២នាក់ ជនជាតិប៉ាគីស្ថានម្នាក់ នឹងជនជាតិខ្មែរម្នាក់។ ដូកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៣១គ្រឿង, សុីមកាតបរទេស មួយចំនួន និងលិខិតឆ្លងដែន ១ក្បាល។

ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវចំនួន២ទីតាំង ឃាត់ខ្លួន

មនុស្សសរុបចំនួន ៤នាក់ ជនជាតិខ្មែរ៣នាក់ នឹងម៉ាឡេស៊ី ម្នាក់ និងដកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៥៨៥គ្រឿង , សុីមកាតបរទេសចំនួន ១៥៤ស៊ឹម នឹងស៊ឹមកាតមួយចំនួនធំ, CPU ចំនួន ២១ គ្រឿង, MONITOR ចំនួន ១៤ គ្រឿង, ម៉ូតូម៉ាក KAWASAKI ពាក់ផ្លាកលេខ ភ្នំពេញ១KC-៦៨៣៩ ចំនួន ០១ គ្រឿង , លិខិតឆ្លងដែន ០៨ ក្បាល , LAPTOP ចំនួន ០៣គ្រឿង , ALL IN ONE ចំនួន ១០ គ្រឿង , ដុំROUTER WIFI ចំនួន ០៥ គ្រឿង។

ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ក្រោមរូបភាពស្វែងរកអតិថិជនធ្វើការងារខ្យល់ និងផ្គត់ផ្គង់សម្ភារៈបម្រើទីតាំងឆបោក។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia