ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០រូប ដឹកនាំដោយលោកខ្វែង ភារម្យប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមប្រកួតប្រជែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារង់ចាំជានិច្ចនូវវត្តមានវិលត្រឡប់របស់និស្សិតគ្រប់រូប ព្រមទាំងចំណេះជំនាញដើម្បីអភិវឌ្ឍប្រទេស។
ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តមផ្ទាល់ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ពស់ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលជាឱកាសមាសសម្រាប់និស្សិតក្នុងការក្រសោបយកចំណេះដឹង និងជំនាញទំនើបៗ យកមកកសាង និងអភិវឌ្ឍប្រទេសជាតិវិញនាពេលអនាគត។
ក្នុងនាមជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសរុស្ស៊ីក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីពីការរស់នៅ និងការសិក្សា ដើម្បីជាគន្លឹះ និងការត្រៀមខ្លួនទុកជាមុនដល់និស្សិតកម្ពុជា មុនពេលចេញទៅបន្តការសិក្សានៅទីនោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី៖ « ខ្ញុំសូមលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំរៀនសូត្រទាំងភាសារុស្ស៊ី និងមុខវិជ្ជាឯកទេស ដោយត្រូវមានភាពអត់ធ្មត់ និងឆន្ទៈមោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ លើសពីនេះ ក្នុងនាមជាយុវជនទូតវប្បធម៌កម្ពុជា និស្សិតយើងត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាពរីកចម្រើនរបស់ប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ រួមទាំងត្រូវរក្សាសេចក្តីថ្លៃថ្នូរ វិន័យសីលធម៌ សាមគ្គីភាពជិតស្និទ្ធជាមួយនិស្សិតខ្មែរដូចគ្នា និងកសាងទំនាក់ទំនងល្អជាមួយប្រជាជនរុស្ស៊ី ព្រមទាំងត្រូវគោរពច្បាប់នៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងកិត្តិយសជាតិ»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាប និងលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះជនពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) តាមរយៈការបង្កើតគណៈកម្មាការចំពោះកិច្ច (គ.ប.ឆ.ប) ការតាក់តែងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការពង្រឹងកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ ឯកឧត្តម ក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ (https://ccos.gov.kh/km/) ។ សន្និសីទនេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាការគំរាមកំហែងជាសកល។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមសន្តិបណ្ឌិត បានប្រាប់ដល់ក្រុមនិស្សិតថា កម្ពុជានៅតែរក្សាជំហរដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោល ខណៈដែលសហគមន៍អន្តរជាតិភាគច្រើន បាននឹងកំពុងមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាស្រាប់។
លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និង ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ដែលបានផ្ដល់អនុសាសន៍ និងចែករំលែកបទពិសោធដ៏មានតម្លៃ ដល់និស្សិតកម្ពុជាចំនួន ៤០រូប មុននឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ពួកគេនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ ព្រមទាំងគោរពច្បាប់រុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។ ក្រៅពីការរក្សាសេចក្តីថ្លៃថ្លូរ និងសាមគ្គីភាពផ្ទៃក្នុង និស្សិតទាំងអស់សន្យាថានឹងបំពេញតួនាទីជា «ទូតសុឆន្ទៈ និងទូតវប្បធម៌» ដ៏ល្អ ដើម្បីផ្សព្វផ្សាយពីកិត្តិយស និងប្រពៃណីជាតិខ្មែរ ហើយត្រឡប់មកវិញដើម្បីចូលរួមអភិវឌ្ឍមាតុភូមិក្រោមកិច្ចខិតខំប្រឹងប្រែងកសាងជាតិ៕
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ