ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ និងផ្នែកពាក់ព័ន្ធ នឹងដំឡើងឧបករណ៍វាស់សីតុណ្ហភាពចំនួន១១ទីតាំង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅ
ភ្នំពេញ ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ រស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិត ដែលប្រឈមនឹងកម្ដៅ។
លោក ពេញ ធារម្យ មានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីចាប់ផ្តើមអនុវត្តគម្រោង “ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ពេញ ធារម្យ បានបន្តថា បញ្ហាកម្ដៅកើនឡើងខ្លាំង មិនត្រឹមតែជាបញ្ហាបរិស្ថានមួយប៉ុណ្ណោះទេ តែជាបញ្ហាដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាពសាធារណៈ សុវត្ថិភាព ការងារ និងគុណភាពជីវិតប្រជាពលរដ្ឋក្នុងតំបន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងឆ្លើយតបបានទាន់ពេលវេលា។ ដោយមើលឃើញពីសារៈសំខាន់ទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភពីអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង បានរៀបចំផែនការអនុវត្តគម្រោងនេះឡើងដើម្បីចូលរួមពង្រឹងសមត្ថភាព និងការត្រៀមខ្លួនក្នុងការបង្កើតយន្តការការពារ កាត់បន្ថយ និងឆ្លើយតបចំពោះផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីការកើនឡើងនៃរលកកម្ដៅ។
ដើម្បីធានាដល់ដំណើរការរបស់គម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលតាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំជាផែនការសកម្មភាព និងការកសាងប្រព័ន្ធទិន្នន័យ ដើម្បីឈានដល់ការវិភាគ និងវិនិច្ឆ័យហានិភ័យកម្ដៅ និងដាក់ចេញជាវិធានការសម្រាប់អនុវត្តប្រកបដោយចីរភាព និងនិរន្តរភាព ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន។
លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities) បានមានប្រសាសន៍ថា អង្គការនេះមានទីក្រុងចំនួន ៧៤ទីក្រុងជុំវិញពិភពលោកជាសមាជិក ដោយទីក្រុងទាំងអស់នោះតែងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។ ក្នុងនាមជាសមាជិក រាជធានីភ្នំពេញតែងតែបានចូលរួមអនុវត្តការងារយ៉ាងល្អប្រសើរ ជាក់ស្តែងដូចជា គម្រោងបញ្ចប់លុបបំបាត់ភេសជ្ជៈផ្អែមនៅតាមសាលារៀន ជាមួយ និងការរៀបចំមានទឹកស្អាតនៅតាមសាលា គម្រោងគ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនជាដើម។ លោកបានបន្តថា ពេលនេះយើងមានបញ្ហាមួយទៀត នោះគឺបញ្ហារលកកម្ដៅ ដែលធ្វើឱ្យមនុស្សប្រឈមនឹងជំងឺ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយយើងចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង តាំងពីឆ្នាំ២០១៧ ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចជា បញ្ចប់លក់ភេសជ្ជៈផ្អែម និងធ្វើឱ្យមានទឹកស្អាតនៅតាមសាលារៀន គ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពនៅតាមសាលារៀនជាដើម ហើយនៅពេលនេះបានរៀបចំផែនការដោយដាក់ឧបករណ៍វាស់ធាតុអាកាសនៅតាមខណ្ឌចំនួន១១ទីតាំង ដើម្បីតាមដានក្នុងការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ និងស្លាប់ដោយបញ្ហារលកកំដៅ ដែលលោកស្រីបានស្នើឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាជួយផ្តល់ការសហការឱ្យបានល្អ ជាមួយអ្នកជំនាញនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការតំឡើងឧបករណ៍វាស់សីតុណ្ហភាពនៅតាមទីតាំងទាំង១១ និងការផ្តល់បទសម្ភាសន៍ ដើម្បីក្រុមការងារអាចទទួលបានទិន្នន័យជាក់លាក់ ក្នុងការរៀបចំផែនការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ នេះតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនេះដែរ លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចក៏បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនូវឧបករណ៍ និងបរិក្ខាចាំបាច់ចំនួន ១១ឈុត សម្រាប់តំឡើងក្នុងគោលបំណងប្រមូលទិន្នន័យនៃសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣