Connect with us

ព័ត៌មាន

ក្រុមហ៊ុនមួយគ្រោងវិនិយោគបន្ថែម លើគម្រោងបង្កើតរោងចក្រកែច្នៃ និងចម្រាញ់ប្រេងពីសណ្តែកសៀង

ក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការវិនិយោគ គ្រោងពង្រីកការវិនិយោគបន្ថែម លើការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការកែច្នៃ ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក កុង ស៊ាង អ៊ី (GONG XIANG YU) ប្រធានក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦នេះ, លោកបានជម្រាបជូនថា ដោយមើលឃើញពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅ កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងគាំទ្រសកម្មភាពធុរកិច្ច ក្រុមហ៊ុនមានបំណង ពង្រីកការវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង។
លោកបានបញ្ជាក់ថា គម្រោងពង្រីកការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងអាចរួមចំណែកក្នុងការលើកកម្ពស់ ការប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំង បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសសណ្តែកសៀង ឱ្យបានជាអតិបរមា ដើម្បី បង្កើនតម្លៃបន្ថែមក្នុងស្រុក និងចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាពីសក្តានុពលលើ ខេត្តដែលមានលទ្ធភាពដាំដុះសណ្តែកសៀងដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីជំរុញការចូលរួមរបស់ប្រជា កសិករកម្ពុជា និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកសម្រាប់រោងចក្ររបស់ក្រុមហ៊ុន។
ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមជាមួយប្រជាកសិករ តាមរយៈការផ្តល់ពូជសណ្តែកសៀង ការផ្ទេរបច្ចេកទេស និងចំណេះដឹងពាក់ព័ន្ធនឹងការដាំដុះ ព្រមទាំងការរៀបចំយន្តការទិញប្រមូលផលពីកសិករក្នុងស្រុក ដើម្បីរួមគ្នា បង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia