ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជាបន្តបង្កើនសក្តានុពលឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ក្នុងអំឡុងពេលអាណត្តិ ៣ឆ្នាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស, និងការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម កំពុងជួយបង្កើនសក្តានុពលកំណើនរបស់កម្ពុជា និងជំរុញឱ្យប្រទេសបន្តឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានបញ្ជាក់ថា គ្រប់គ្នាបានដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ ២០៣០ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឱ្យឈានដល់កម្រិតចំណូលមធ្យមកម្រិតខ្ពស់។ លោកជឿថា កម្ពុជានឹងសម្រេចបានគោលដៅនេះតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកំណែទម្រង់ស៊ីជម្រៅលើវិស័យសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ។
លោកបណ្ឌិត បានមើលឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងពង្រីកមូលដ្ឋានសេដ្ឋកិច្ចពីការពឹងផ្អែកលើវិស័យមួយចំនួន ទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មកែច្នៃ, ការផលិតគ្រឿងអេឡិចត្រូនិក, កសិ-ឧស្សាហកម្ម, សេវាកម្ម, និងសេដ្ឋកិច្ចឌីជីថល ព្រោះ ការធ្វើពិពិធកម្មនេះអាចជួយកម្ពុជាបង្កើនភាពធន់របស់សេដ្ឋកិច្ច និងបង្កើតប្រភពចំណូលថ្មីៗ។ ជាមួយគ្នានេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចូលទុន, បច្ចេកវិទ្យា, ជំនាញ, និងឱកាសការងារ។ ជាក់ស្តែង ទំហំទុនវិនិយោគផ្ទាល់ពីបរទេស បានកើនពី ៤,៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដល់ ១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។
ចំណែក លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិន វីម៉ូ កម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម (SMEs) អាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយកម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈការបង្កើតការងារ, បង្កើនផលិតភាព, និងបង្កើតតម្លៃបន្ថែមក្នុងស្រុក។ ទន្ទឹមនឹងនេះ SMEs ត្រូវពង្រឹងសមត្ថភាពផលិតកម្ម, ប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល, បង្កើនគុណភាពផលិតផល, និងចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនធំៗ និងសហគ្រាសវិនិយោគបរទេស ដោយសារ ការធ្វើបែបនេះនឹងជួយឱ្យអាជីវកម្មក្នុងស្រុករីកទៅមុខ និងបង្កើតការងារដែលមានផលិតភាពខ្ពស់ និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកបណ្ឌិត បន្តថា លើសពីនេះ ការកាត់បន្ថយនីតិវិធីស្មុគស្មាញ, ការពង្រឹងអភិបាលកិច្ច, និងការផ្តល់លទ្ធភាពកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន នឹងជួយបង្កើនការវិនិយោគ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ បានកើនឡើងពី ១ ៩២៤ ដុល្លារ ដល់ ២ ៨៥៨ដុល្លារសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៥ និង ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៦។ បន្ថែមពីនេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តកើនពី ៤៧,៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដល់ ៦៥,២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដែលមានអត្រាកំណើន ៣៦% ខណៈទំហំពាណិជ្ជកម្មក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០២៦ បានឈានដល់ប្រមាណ ៤៥,៥ពាន់លានដុល្លារ កើនជាង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕អត្ថបទ៖ ធូ វិរៈ
-
ព័ត៌មាន1 week agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
ព័ត៌មាន1 week agoគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
កីឡា1 week agoសប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ