Connect with us

ព័ត៌មាន

ក្រសួងអប់រំ និងអង្គការដៃគូ អនុវត្តកម្មវិធីផ្ដល់អាហារជូនសាលារៀន និងថ្នាក់រៀនបណ្ដោះអាសន្នតាមព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក បានពង្រីកវិសាលភាពរបស់ខ្លួនជាបន្ទាន់ ដោយជួយដល់កុមាររស់នៅនិងសិក្សានៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្ដែង គឺមានការដាក់ឱ្យ អនុវត្តកម្មវិធីផ្ដល់អាហារដល់សិស្សនៅសាលារៀន និងថ្នាក់រៀនបណ្ដោះអាសន្ន ចំនួន ២៣ កន្លែង នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។
ជាការឆ្លើយតបនឹងស្ថានភាពបន្ទាន់ដែលកើតចេញពីសង្គ្រាមឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ កន្លងមក កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានទទួលថវិកាគាំទ្រពីប្រជាជនជប៉ុន ដើម្បីគាំទ្រកម្មវិធីផ្ដល់អាហារតាមសាលារៀនដល់សិស្សដែលកំពុងសិក្សានៅសាលារៀនតាមព្រំដែន ថ្នាក់រៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព សរុបចំនួន ២៣កន្លែង ដែលមានទីតាំងក្នុងខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ការគាំទ្រថ្មីនេះ បានផ្ដល់ជាអត្ថប្រយោជន៍ដល់សិស្សប្រមាណ ២ពាន់នាក់។
ពាក់ព័ន្ធនឹងការផ្ដល់អាហារតាមសាលារៀននេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលេចពីសារៈសំខាន់នៃការផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលជាអាហារប្រកបដោយជីវជាតិ និងអាហារូបត្ថម្ភគ្រប់គ្រាន់ គាំទ្រដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី ជួយឱ្យកុមារមានសុខភាពល្អ បង្កើនសមត្ថភាពនៃការចងចាំ និងផ្ដោតអារម្មណ៍ក្នុងការរៀនសូត្រ ដែលបានរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សា ទាក់ទាញកុមារឱ្យមកជួបជុំរៀនសូត្របានទៀងទាត់ ជាពិសេសបានជួយសម្រួលដល់បន្ទុកគ្រួសារ។
ថ្មីៗនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា វត្តមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) និងអង្គការ Action Education ក៏បានធ្វើទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន នៅខេត្តគោលដៅជាប់ព្រំដែននេះដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចសហការយ៉ាងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា ក៏ដូចជាការនាំយកជំនួយឧបត្ថម្ភនានាពីសប្បុរសជន និងរាជរដ្ឋាភិបាល ប្រគល់ជូនដល់បុគ្គលិកអប់រំ និងសហគមន៍ស្នាក់នៅក្នុងជំរំសុវត្ថិភាព និងសាលារៀនបណ្ដោះអាសន្ន ដើម្បីអាចដំណើរការទៅបានល្អប្រសើរ។
អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia