Connect with us

ព័ត៌មាន

កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ទំនើប”

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia) បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)” ថ្មី ដែលស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ និងការរីកចម្រើនជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការសម្រួលប្រតិបត្តិការហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។
ឯកឧត្តមបន្តថា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Air Cambodia និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពក្នុងពិធី និងបានកាត់ខ្សែបូសម្ពោធ ដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថ្មីនេះជាផ្លូវការ អមដោយ លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia។ ពិធីសម្ពោធនេះ បានបង្ហាញពីការបន្តផ្លាស់ប្តូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ព្រមទាំង ការរួមចំណែកដល់ការពង្រឹងការតភ្ជាប់, ទេសចរណ៍, ពាណិជ្ជកម្ម, និងការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យ បន្ថែមទៀតថា មជ្ឈមណ្ឌល AOC ថ្មីនេះ មានតួនាទីសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន Air Cambodia ដោយរួមបញ្ចូលការរៀបចំ និងត្រួតពិនិត្យជើងហោះហើរតាមពេលវេលាជាក់ស្តែង ការសម្របសម្រួលយន្តហោះ និងអាកាសយានិក ការគាំទ្រផ្នែកថែទាំយន្តហោះ ប្រតិបត្តិការលើដី និងការសម្របសម្រួលសេវាកម្មអ្នកដំណើរ។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹង សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព ភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រងចំពោះភាពមិនប្រក្រតីនៃប្រតិបត្តិការ។
មជ្ឈមណ្ឌល AOC នេះក៏ជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់សម្រាប់គាំទ្រដល់អាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធគ្នាគឺ ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ និងការពង្រីកបណ្តាញជើងហោះហើរ និងការពង្រឹងប្រតិបត្តិការលើដី។ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន Air Cambodia ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព និងគុណភាពសេវាកម្ម ហើយ មជ្ឈមណ្ឌល AOC ថ្មីនេះនឹងផ្តល់មូលដ្ឋានគាំទ្រដ៏រឹងមាំសម្រាប់ការពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុន និងជំរុញបន្ថែមទៀតនូវមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការពង្រីកការតភ្ជាប់របស់កម្ពុជាជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕
អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia