Connect with us

ព័ត៌មាន

កម្ពុជាចូលរួមកិច្ចប្រជុំ ស្តីពីការជំរុញតភ្ជាប់ប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបការរីកចម្រើននៃវិស័យនេះ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំតុមូល ស្តីពីការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល ការសម្របសម្រួលហេដ្ឋា រចនាសម្ព័ន្ធឌីជីថលជាតិ ជាមួយបណ្តាញហិរញ្ញវត្ថុសកល នៅទីក្រុងតាស្កិន ក្នុងគោលដៅជំរុញបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដែលបើក ចំហ មានភាពប្រកួតប្រជែង និងមានប្រសិទ្ធភាព។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលស្តីពី “ការជំរុញការតភ្ជាប់ ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ជាមួយបណ្តាញហិរញ្ញវត្ថុសកល” ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum នៅទីក្រុងតាស្កិន នៃប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, ដោយអង្គប្រជុំ បានពិភាក្សាអំពីតុល្យភាព រវាងការការពារទិន្នន័យជាតិ និងការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដែលបើកចំហ មានភាពប្រកួតប្រជែង និង មានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល។
ក្នុងឱកាសនោះ លោកជំទាវទេសាភិបាល ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការយល់គ្នាទៅវិញទៅមក និងកិច្ច សហការរវាងស្ថាប័នសាធារណៈ និងឯកជន ដើម្បីឱ្យការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់អាចឆ្លើយតបបាន ទាំងតម្រូវការទីផ្សារ និងផលប្រយោជន៍សាធារណៈ។ បន្ថែមលើនេះ លោកជំទាវបានលើកឡើងថា ស្ថាប័នសាធារណៈត្រូវបន្តស្វែង យល់ពីការវិវត្តនៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ខណៈវិស័យឯកជនក៏គួរយល់ឱ្យបានច្បាស់ពីគោលការណ៍ និងការព្រួយបារម្ភរបស់ និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន ស្ថិរភាពហិរញ្ញវត្ថុ សុវត្ថិភាព និងភាពធន់នៃប្រព័ន្ធ។
លោកជំទាវបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ភាសា ដែលងាយយល់ និងការសន្ទនាប្រកបដោយភាពបើកចំហ រវាងភាគីពាក់ព័ន្ធ ដើម្បីកសាងការយល់គ្នា និងស្វែងរកដំណោះស្រាយរួម។ ក្នុងបរិបទនេះ កិច្ចសហការរវាងវិស័យសាធារណៈ និង ឯកជន នឹងកាន់តែមានសារៈសំខាន់ ដើម្បីធានាថា នវានុវត្តន៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា អាចដើរទន្ទឹមនឹងសុវត្ថិភាព ប្រសិទ្ធភាព និង ផលប្រយោជន៍សាធារណៈ។
ចំណែកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Timur Ishmetov ទេសាភិបាលធនាគារកណ្តាលអ៊ូសបេគីស្ថាន ក៏បានចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើ ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសអ៊ូសបេគីស្ថាន។ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមកសាងការ តភ្ជាប់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia