Connect with us

ព័ត៌មាន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងក្រោមបង្គាប់ប្រើកណ្តាប់ដៃដែកលើក្មេងទំនើងដោយគ្មានការលើកលែង

កំពង់ស្ពឺ ៖ ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមបង្គាប់ប្រើកណ្តាប់ដៃដែកលើក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន។
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹហថា ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្មីៗនេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈបានជាបន្តបន្ទាប់ចំនួន៦នាក់ ក្រោយមានការហៅទូរស័ព្ទប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotlin1292 ។ ក្រោយពីទទួលបានការប្តឹងរាយការណ៍ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះទៅដល់កន្លែងដែលក្មេងទំនើងធ្វើសកម្មភាពភ្លាមៗ ព្រមទាំងបានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលតែងតែចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈបានចំនួន៤នាក់ ដែលក្មេងទាំងនោះជួបជុំធ្វើសកម្មភាពនៅចំណុចទំនប់ទឹកអូរត្រែង ស្ថិតនៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី។
កងរាជអាវុធហត្ថបន្ថែមថា បន្ទាប់មកក៏ទទួលបានការខលប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេ Hotlin1292 ពីសកម្មភាពក្មេងទំនើងជួបជុំគ្នាធ្វើធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈយ៉ាងអាណាធិបតេយ្យមួយករណីទៀត នៅត្រង់ចំណុចផ្លូវលេខ១៣០ ស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង។ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះកម្លាំងជំនាញក៏បានចុះទៅដល់កន្លែងដែលក្មេងទំនើងធ្វើសកម្មភាព និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខម្តាយ ឪពុក និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម ជាហេតុនាំឱ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានដកហូតយកទៅរក្សាទុករយៈពេល៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រសិនបើបានឃើញក្រុមក្មេងទំនើង និងក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia