ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងថា ការបណ្តុះបណ្តាល ធនធានមនុស្ស គឺជាចំណែកខិតខំប្រឹងប្រែងរួមគ្នា រវាងលោកគ្រូ អ្នកគ្រូ និងនិស្សិត ដែលពុះពារក្នុងការសិក្សា ដោយឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមសម័យបច្ចុប្បន្ន និងនាពេលអនាគត។
ការថ្លែងរបស់ឯកឧត្តម សោម សុគន្ធ យ៉ាងដូច្នេះក្នុងពិធីបើកការប្រឡងបញ្ចប់ បរិញ្ញាបត្រ សិល្បៈសូនរូប សម្រាប់បេក្ខជននិស្សិត ឯកទេសតុបតែងលម្អនៃស្ថាបត្យកម្ម ជំនាន់ទី២៨, គំនូរសារគមនាគមន៍ ជំនាន់ទី១៧ វិចិត្រកម្ម ជំនាន់ទី៣៤ និង ចម្លាក់ ជំនាន់ទី៣២, នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា សិល្បៈវប្បធម៌ ពិសេសវិស័យសិល្បៈសូនរូប គឺករកើត និងមានការចាក់ឬសយ៉ាងជ្រៅក្នុងជីវិត រស់នៅរបស់ប្រជាជនកម្ពុជា។ ភស្តុតាងដ៏អស្ចារ្យជាច្រើន តាំងពីចម្លាក់តូចៗលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ស្នាដៃធំស្កឹមស្កៃ ដែលបានបន្សល់ទុកជាមរតកវប្បធម៌មកដល់សព្វថ្ងៃនេះ។ សិល្បៈសូនរូប មិនមែនមានតម្លៃត្រឹមតែការតុបតែងប៉ុណ្ណោះនោះទេ តែវាជាមធ្យោបាយយ៉ាងសំខាន់ក្នុងការបង្ហាញនូវ អត្តសញ្ញាណជាតិ និងជាកម្លាំងផ្លាស់ប្ដូរសង្គម។ នាសម័យឌីជីថល ឬ សម័យ AI យើងនេះការបញ្ចូល សិល្បៈសូនរូបជាមួយបច្ចេកវិទ្យាអាចបង្កើតឱកាសថ្មីៗ សម្រាប់សហគ្រាស បណ្តាញទេសចរណ៍ និងឧស្សាហកម្មវប្បធម៌។ មកដល់ចំណុចនេះ ឯកឧត្តម សោម សុគន្ធ ស្នើសុំដល់ លោក លោកស្រី ដែលជាសាស្ត្រាចារ្យនៅទីនេះ មេត្តាសូមបន្តខិតខំស្វែងរក និងស្រាវជ្រាវ ដើម្បីបន្ថែមចំណេះដឹងថ្មីៗដល់ប្អូនៗនិស្សិតឲ្យសម ស្របនឹងសង្គមឌីជីថល និងជាពិសេសស្របទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ចំណែកឯ ប្អូនៗនិស្សិត ជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីកើតក្នុងយុគសម័យ AI ត្រូវចាប់យក ឱកាសដ៏អស្ចារ្យនេះ ក្នុងការបង្កើតស្នាដៃសិល្បៈ ដោយសហការជាមួយវិស័យផ្សេងៗដូចជា ទេសចរណ៍ ស្ថាបត្យកម្ម បច្ចេកវិទ្យា និងការទំនាក់ទំនងអន្តរជាតិ ដើម្បីកសាង និងអភិវឌ្ឍស្នាដៃឲ្យពិភពលោក ឃើញថាកូនខ្មែរអាចធ្វើបាន ដោយប្រើប្រាស់ឆន្ទៈច្នៃប្រឌិត ជាមួយចំណេះដឹងដែលបានរៀនក្នុងរយៈពេល ៤ឆ្នាំ ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដល់ក្មួយៗនិស្សិតជាទីស្រឡាញ់ការទទួលបានបរិញ្ញាបត្រ នេះមិនមែនជាចំណុចបញ្ចប់ទេ តែជាចំណុចចាប់ផ្តើមដំណើរថ្មីក្នុងជីវិតបន្តទៀត។ ក្មួយៗមិនត្រឹមជានិស្សិត នោះទេ តែជាពលរដ្ឋដែលមានភារៈកិច្ចក្នុងការរួមចំណែកកសាងសង្គមឲ្យរុងរឿងនិងជឿនលឿនទៅមុខ។ ដូចច្នេះហើយសូមក្មួយៗប្រើប្រាស់នូវចំណេះដឹង នឹងទេពកោសល្យក្នុងការបម្រើប្រទេសជាតិ និងជួយសង្គមឲ្យមានសន្តិភាព និងចីរភាព។
ស្របគ្នានោះដែរ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ថ្ងៃនេះជាឱកាសដ៏ពិសេសបំផុត ដែលមហាវិទ្យាល័យសិល្បៈសូនរូបរៀបចំពិធីបើកការប្រឡងបញ្ចប់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់និស្សិត៖
ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម ជំនាន់ទី២៨
ឯកទេសគំនូរសារគមនាគមន៏ ជំនាន់ទី ១៧
ឯកទេសវិចិត្រកម្ម ជំនាន់ទី៣៤
ឯកទេសចម្លាក់ ជំនាន់ទី៣២។
នៅក្នុងឆ្នាំបញ្ចប់នេះ និស្សិតមានការលំបាកជាខ្លាំងដ្បិតត្រូវរៀនក្នុងថ្នាក់លើគ្រប់មុខវិជ្ជាផងត្រូវត្រៀមលក្ខណៈ ជ្រើសរើសប្រធានបទដើម្បីប្រឡងបញ្ចប់ផង។ក្នុងរយៈពេល៨ ខែនៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែ តុលា ឆ្នាំ២០២៥ មកដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ និស្សិតទាំងអស់បានខិតខំពុះពារការលំបាក ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចដែលសាមីខ្លួនត្រូវប្រឡង រហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរយកមកដាក់ការពារនៅចំពោះមុខ ឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការនាថ្ងៃនេះ។
តាងនាមអោយមហាវិទ្យាល័យសិល្បៈសូនរូប លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា និស្សិតពីឆ្នាំទី២ ដល់ឆ្នាំទី៤ ទាំង៤ឯកទេស មានចំនួនសរុប ៥៥៥នាក់ នារី៣៣៥នាក់ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ក្នុងនោះនិស្សិតឆ្នាំទី៤ ទាំង៤ឯកទេស សរុបមានចំនួន១៧៣ នាក់ នារី ១០៥នាក់ ដោយឡែកនិស្សិតដែលចូលរួមប្រឡងមានចំនួន ១៦១ នាក់ នារី ៩៧នាក់ ក្នុងនោះ ៖
ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន ៩៣នាក់ នារី ៦០នាក់។
ឯកទេស គំនូរសារគមនាគមន៍ មានចំនួន ៤៦នាក់ នារី ២៩នាក់។
ឯកទេសវិចិត្រកម្ម មានចំនួន១៩នាក់ នារី០៨នាក់
និងឯកទេសចម្លាក់ មានចំនួន០៣នាក់ នារី០០នាក់។
ក្រៅពីនេះក៏មាននិស្សិតព្យួរនិងបោះបង់ការប្រឡងចំនួន ១២នាក់ នារី ៨នាក់ផងដែរ៕
អត្ថបទ រដ្ឋា