Connect with us

ព័ត៌មាន

សភាតំណាងប្រទេសក្នុងតំបន់អាស៊ាន អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ជំរុញឱ្យមាន «ធនាគារស្បៀង» ដើម្បីឆ្លើយតបនឹងវិបត្តិស្បៀងអាហារ

វិមានរដ្ឋសភា៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) ក្នុងឱកាសអញ្ជើញជាអធិបតីបិទវេទិកា ASEAN RAI ដែលបានដំណើរការរយៈពេល ២ ថ្ងៃប្រកបដោយជោគជ័យនៅកម្ពុជា បានគូសបញ្ជាក់ថា សភាតំណាងប្រទេសក្នុងតំបន់អាស៊ាន អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មទាំងអស់ បានរួមគ្នាជំរុញឱ្យមានការបង្កើត «ធនាគារស្បៀង» ដើម្បីត្រៀមឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារ។
បើតាមប្រសាសន៍របស់ឯកឧត្តម សួស យ៉ារ៉ា ការបង្កើត «ធនាគារស្បៀងអាស៊ាន» (ASEAN Food Bank) នេះ មានគោលបំណងស្តុកទុកកសិផលសំខាន់ៗ ដោយចាប់ផ្តើមពី «អង្ករ» ជាអាទិភាពចម្បងដំបូងគេ សម្រាប់ផ្គត់ផ្គង់ដល់បណ្តារដ្ឋសមាជិកអាស៊ានបានទាន់ពេលវេលា នៅពេលជួបប្រទះវិបត្តិអសន្តិសុខស្បៀង ដូចជាគ្រោះរាំងស្ងួតអូសបន្លាយ ឬទឹកជំនន់ធ្ងន់ធ្ងរជាដើម។
ទន្ទឹមនឹងនេះ តាមរយៈវេទិកា ASEAN RAI ដដែល សភាតំណាងប្រទេសក្នុងតំបន់អាស៊ាន អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ក៏បានឯកភាពគ្នាលើការពង្រឹងក្របខណ្ឌច្បាប់ឱ្យកាន់តែរឹងមាំ និងច្បាស់លាស់ ក្នុងការជំរុញទំនើបកម្មកសិកម្ម ការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ (UNSDGs 2030) និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ បន្ថែមលើនេះ អង្គវេទិកាក៏បានសង្កត់ធ្ងន់លើការពង្រឹងអភិបាលកិច្ច ដើម្បីធានាការប្រកួតប្រជែងដោយសមធម៌ ព្រមទាំងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធ និងហិរញ្ញប្បទានប្រកបដោយចីរភាពផងដែរ។
លើសពីនេះ វេទិកា ASEAN RAI ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានលើកទឹកចិត្តឱ្យទាញយកប្រយោជន៍ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យផ្កាយរណប ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋសមាជិកអាស៊ាន និងដៃគូនានា សំដៅបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការបង្កើត «មជ្ឈមណ្ឌលទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីសន្តិសុខស្បៀង» ដើម្បីធានាឱ្យការប្រើប្រាស់ ការរក្សាស្ថិរភាព ការគ្រប់គ្រងទិន្នន័យ និងការរៀបចំផែនការស្បៀង ប្រព្រឹត្តទៅដោយរលូន ចំគោលដៅ និងមិនបង្កឱ្យមានការខ្ជះខ្ជាយ។
ជាមួយគ្នានេះដែរ អង្គវេទិកាបានផ្តោតការយកចិត្តទុកដាក់លើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិ-ចំណីអាហារ (MSMEs) ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដើម្បីកសាងប្រព័ន្ធកសិ-ចំណីអាហារមួយដែលមានភាពរឹងមាំ និងមានសមត្ថភាពសម្របខ្លួនខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានបន្ថែមថា កិច្ចពិភាក្សាក៏បានបំផុសឱ្យមានការបណ្តុះវប្បធម៌នៃការប្រើប្រាស់ស្បៀងប្រកបដោយការទទួលខុសត្រូវ និងការសន្សំសំចៃស្បៀង ដើម្បីកាត់បន្ថយការបាត់បង់ និងការខ្ជះខ្ជាយស្បៀងអាហារ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀងនៅកម្រិតគ្រួសារ ជាតិ តំបន់ និងសកលលោក ព្រមទាំងបង្កើតតុល្យភាពក្នុងការបែងចែកធនធានរវាងគ្រួសារ កសិដ្ឋាន និងវិស័យឧស្សាហកម្ម។
ជាចុងក្រោយ ឯកឧត្តមបានគូសរំលេចថា ការប្រែប្រួលអាកាសធាតុលែងជាបញ្ហាប្រឈមសម្រាប់ពេលអនាគតទៀតហើយ ប៉ុន្តែវាបានក្លាយជាវិបត្តិជាក់ស្តែងចំពោះមុខ ដែលកំពុងគំរាមកំហែងដល់ផលិតកម្មដំណាំ ផលិតភាពកសិកម្ម និងជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច-សង្គម ដែលទាមទារឱ្យមានដំណោះស្រាយបន្ទាន់ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia