Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់នៃសង្គ្រាមលោកទាំងពីរលើក

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បានថ្លែងបញ្ជាក់ថា ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់នៃសង្គ្រាមលោកទាំងពីរលើក ទោះពីជាពិភពលោកធ្លាប់បានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។
សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្ដេចតេជោ បានបង្ហាញសេចក្ដីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាង កក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយ សន្តិវិធី»
សម្ដេចតេជោបានថ្លែងថា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា សូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូបដែល បានធ្វើដំណើរពីគ្រប់ទិសទីជុំវិញសកលលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។
សម្ដេចតេជោបានថ្លែងថាយើងជួបជុំគា្ននៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឹងម៉ាត់ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេល បច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាន នូវស្ថានភាពដែលល្អបំផុត»។
សម្ដេចតេជោ បានបញ្ជាក់ថា តថភាពជាក់ស្ដែងគឺថា ពិភពលោករបស់យើងបានផ្លាស់ប្ដូរទៅរករបត់ថ្មី ដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យយើងត្រូវធ្វើដំណើរឆ្លងកាត់ «ស្ថានភាពចលាចល» ជាប្រចាំ។ យុគសម័យ ដែលងាយប្រែប្រួលនេះ ត្រូវបានសម្គាល់ដោយការបាត់បង់នូវ «ភាពជាអ្នកដឹកនាំផ្នែក សីលធម៌» នៅលើឆាកអន្តរជាតិ និងញាំញីដោយភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ត្រូវបានគេជាន់ឈ្លី ឱ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរ ស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្ត្រដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូចជាបានបរាជ័យក្នុងការរៀនសូតពីមេរៀនដ៏ឈឺចាប់ នៃប្រវត្តិសាស្ត្រ។
សម្ដេចតេជោបានថ្លែងថា៖«បន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែជាអកុសល ពិភពលោក ហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia