Connect with us

ព័ត៌មាន

មេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ បណ្ដាប្រទេសនានា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំសន្និសីទ ISC-2

នៅរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសភា ប៉ាគីស្ថាន បានដឹកនាំ កិច្ចពិភាក្សាទូទៅមួយ ដែលផ្ដោតសំខាន់ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ។ កិច្ចពិភាក្សានេះ ត្រូវបានបណ្ដាមេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។
ក្នុងសន្និសីទ នារាត្រីនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាបានប្រព្រឹត្តិទៅយ៉ាងផុសផុល ចំពោះប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» នេះ។ គណៈប្រតិភូស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួម បានបង្ហាញនូវយោបល់ផ្សេងៗជុំវិញមូលបទខាងលើ។ ជារួម បណ្ដាមេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួមនោះ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា ចំណុចនៃការវាយតម្លៃជាស្នូលនៃការលើកឡើងរបស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលកម្ពុជាបានរៀបចំដាក់មូលបទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដោយ មេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួម បានយល់ថា ប្រធានបទនេះពិតជាត្រូវនឹងស្ថានការណ៍នាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតែជួបនូវបញ្ហាប្រឈមនានា ពិសេសគឺបញ្ហាមិនគោរពច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយមិនឈរលើស្មារតីដោយសន្តិវិធី។
ឯកឧត្តម ជា ធីរិទ្ធ លើកឡើងថា ដូច្នេះ អង្គពិភាក្សាទាំងមូល បានសម្ដែងគាំទ្រ និងបំផុសនូវគំនិតបន្ថែមទៀត ហើយបណ្ដាស្ថាប័ននីតិប្បញ្ញតិដែលបានចូលរួម ត្រូវរួមសាមគ្គីគ្នាក្នុងការលើកជាទឡ្ហីករណ៍ដើម្បីការជំរុញឱ្យបណ្ដារដ្ឋាភិបាលទាំងឡាយក្នុងពិភពលោកនាំគ្នាត្រឡប់មកគោរពច្បាប់អន្តរជាតិវិញ និងការដោះស្រាយដោយសន្តិវិធីដែលជាជំហរមួយដើម្បីធានានូវស្ថេរភាពរបស់ពិភពលោក។
គួរបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។ នៅក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ដូចខាងក្រោម៖
បណ្ដារប្រទេស៖ Pakistan, Australia, Indonesia, Malaysia, Maldives, Nepal, Saudi Arabia, Sri Lanka, Timor-Leste, Tuvalu, Lao PDR, Cambodia, Cameroon, Ghana, Myanmar, Russia, Serbia, Vietnam, Azerbaijan, Brunei Darussalam, Kenya, Mauritius, Senate of Mexico, Uzbekistan, Belarus, China។
អង្គការអន្តរជាតិ៖ Secretariat of Inter-Parliamentary Speakers’ Conference, Asian Inter-Parliamentary Assembly (AIPA), Global Council for Tolerance and Peace (GCTP), Latin American and Caribbean Parliament (PARLATINO), International Parliament for Tolerance and Peace (IPTP)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia