Connect with us

ព័ត៌មាន

ក្រសួងអប់រំ កំណត់វិស័យអាទិភាពចំនួន ៤សម្រាប់ ឆ្នាំ ២០២៧ខាងមុខ

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់វិស័យអាទិភាពសំខាន់ចំនួន សម្រាប់វិស័យក្នុងឆ្នាំ ២០២៧ខាងមុខ។ វិស័យទាំង ៤នោះ រួមមានកំណែទម្រង់សាលារៀន កំណែទម្រង់សាលាគរុកោសល្យ កំណែទម្រង់ឧត្តមសិក្សា និងផ្តោតលើភាពជាដៃគូសហភាពអ៊ឺរ៉ុប-កម្ពុជា។ នេះជាការបញ្ជាក់ក្នុងកិច្ចប្រជុំ ស្ដីពី ការពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២៧ កម្រិតថ្នាក់ដឹកនាំរវាង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មុនបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០២៧ ចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់វិស័យអាទិភាពរបស់ខ្លួនរួចរាល់។ វិស័យអាទិភាពសំខាន់ចំនួន ៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លើកឡើង កំឡុងពេលក្នុងកិច្ចប្រជុំ ស្ដីពី ការពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២៧ កម្រិតថ្នាក់ដឹកនាំរវាង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្រាប់ឆ្នាំ២០២៧ អាទិភាពវិស័យអប់រំ យុវជន និងកីឡា បាននិងកំពុងផ្ដោតលើ៖
១. ការអនុវត្តកំណែទម្រង់សាលារៀន៖ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ, អនុវត្តកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង, អនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា, បង្កើនការរៀនមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, អនុវត្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស, សកម្មភាពលើកកម្ពស់លទ្ធផល SEA-PLM និង PISA, ផ្តល់អាហារតាមសាលារៀន និងអាហារូបករណ៍, ពង្រឹងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា, អនុវត្តយុទ្ធសាស្រ្តឌីជីថលសម្រាប់ការអប់រំនៅសាលារៀន, ជួសជុល និងសាងសង់អគារសិក្សា និងបំពាក់សម្ភារបរិក្ខារបចេ្ចកទេសព័ត៌មានវិទ្យា បន្ទប់ពិសោធន៍ និងបណ្ណាល័យ។
២. ការអនុវត្តកំណែទម្រង់សាលាគរុកោសល្យ៖ ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ, បណ្តុះបណ្តាលគ្រូកិច្ចព្រមព្រៀងសមិទ្ធកម្ម, បណ្តុះបណ្តាលគ្រូប្រឹក្សាគរុកោសល្យសម្រាប់ការចុះគាំទ្រដល់គ្រូបង្រៀន, លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ផ្តោតលើវិធីសាស្ត្របង្រៀនថ្មី និងនាយកសាលា, ការបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រចាំ, ការបង្កើត Apps សម្រាប់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង និងសាលាឌីជីថល, រៀបចំមុខងារគ្រូផ្នែកមគ្គទេសក៍អាជីព និងការផ្តល់ប្រឹក្សា ដើម្បីជួយសិស្សក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ការសិក្សារៀនសូត្រ និងការអភិវឌ្ឍអាជីព។
៣. ការអនុវត្តកំណែទម្រង់ឧត្តមសិក្សា៖ កែលម្អការចូលរៀន គុណភាព ភាពឆ្លើយតបនៃការអប់រំ និងការស្រាវជ្រាវនៅឧត្តមសិក្សា, ធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា, បង្កើនចំនួននិស្សិតចូលរៀន និងបរិយាប័ន្ន, បង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ពង្រឹងអន្តរភាវូបនីយកម្មនៃការអប់រំឧត្តមសិក្សា, ពង្រឹងប្រសិទ្ធភាពនៃការបង្រៀន និងរៀន, និងពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅឧត្តមសិក្សា។
៤. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ឆ្នាំ២០២៧៖ ការអនុវត្តភាពជាដៃគូក្នុងការសិក្សាផ្សារភ្ជាប់នឹងការងារ, ការគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបង្រៀនអប់រំបច្ចេកទេសលើជំនាញ ៥ (មេកានិក អេឡិចត្រូនិក អគ្គិសនី កុំព្យូទ័រ និងកែច្នៃអាហារ), ការអនុវត្តកម្មវិធីពន្លឿន និងការរៀបចំពិព័រណ៍ជំនាញ STEM, កម្មវិធីផ្តល់អាហារូបករណ៍នៅឧត្តមសិក្សាកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត, ការសិក្សាស្រាវជ្រាវក្នុងប្រទេសសម្រាប់និស្សិតថ្នាក់បណ្ឌិត។
អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia