Connect with us

ព័ត៌មាន

សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ កិច្ចសន្ទនា ISC-2 បង្ហាញសាមគ្គីភាពរវាងប្រជាជាតិ និងការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់នៅក្នុងពិធីបិទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទនៃអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ពីសារៈសំខាន់របស់សន្និសីទ ដែលជាការទូតសភា សាមគ្គីភាពរវាងប្រជាជាតិ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ ការគោរពគ្នា ការជឿទុកចិត្តគ្នា ការរៀនសូត្រ និងការយោគយល់គ្នា ជាស្នូលដែលយើងបានអនុវត្តនៅក្នុងគ្រប់កិច្ចពិភាក្សានៃសន្និសីទនេះ។
សម្តេចបានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងសកម្ម និងទស្សនាទានពោរពេញដោយវិចារណញ្ញាណរបស់ឯកឧត្តម លោកជំទាវទាំងអស់ បានរួមវិភាគទានយ៉ាងសំខាន់ និងទូលំទូលាយដល់កិច្ចពិភាក្សា ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម រួមទាំងគុណតម្លៃនៃមនុស្សជាតិទាំងមូល។
សម្តេចប្រធានរដ្ឋសភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានគណៈប្រតិភូអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមសន្និសីទ និងកិច្ចសហការ ព្រមទាំងការរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសន្និសីទនាពេលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចបានកត់សម្គាល់ថា កិច្ចប្រជុំពីរថ្ងៃមកនេះ បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ត្រង់ទៅត្រង់មក ដោយស្មារតីស្ថាបនា និងមានទស្សនវិស័យរួមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងក្តីបារម្ភរួមនានាក្នុងតំបន់ និងសកលលោកនាពេលអនាគត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយ ដែលកំពុងប្រឈមនឹងហានិភ័យ និងវិបត្តិជាច្រើនដែលកំពុងរីកសាយភាយ ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ វិវាទព្រំដែន និងអធិបតេយ្យ ព្រមទាំងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី មានជាអាទិ៍ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញជាដើម។ បញ្ហាប្រឈមដែលមានភាពប្រទាក់ក្រឡាគ្នាទាំងនេះ បានកើតមានព្រមគ្នាដោយសារការចុះខ្សោយនៃអភិបាលកិច្ចសកល និងការគោរពច្បាប់អន្តរជាតិមិនទូទៅ ការរីកធំឡើងនៃភាពមិនទុកចិត្តគ្នាជាយុទ្ធសាស្ត្រ នយោបាយតាមតំបន់ ការបែកខ្ញែកនៃសេដ្ឋកិច្ច ភាពតានតឹងនៃវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់។
«ពិភពលោកនឹងប្រឈមហានិភ័យកាន់តែធ្ងន់ធ្ងរ ប្រសិនបើយើងមិនរួបរួមគ្នាចាត់វិធានការដើម្បីបង្ការ និងទប់ស្កាត់រាល់ជម្លោះ និងសង្គ្រាមទាំងនោះ។ យើងចាំបាច់ត្រូវដោះស្រាយបញ្ហាទាំងនេះ តាមរយៈការពង្រឹងភាពពឹងគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាគន្លឹះពេលបើកសន្និសីទថា សន្តិសុខសេដ្ឋកិច្ចគឺជាសមាសធាតុដែលមិនអាចខ្វះបាននៃសន្តិសុខ និងភាពធន់របស់ជាតិ។ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺពិតជាមានទំនាក់ទំនង និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក»។ នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងក្នុងការជំរុញការជឿទុកចិត្តជាយុទ្ធសាស្ត្រ ការលើកកម្ពស់គុណតម្លៃ និងបទដ្ឋានរួម ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយមដែលមានលក្ខណៈបើកចំហ បរិយាបន្ន និងប្រសិទ្ធភាព។ ក្នុងន័យនេះ យើងត្រូវគិត និងស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ ព្រមទាំងអនុវត្តនូវយុទ្ធសាស្ត្រដែលមានលក្ខណៈពហុភាគី ដើម្បីដោះស្រាយបញ្ហាសកលនានាពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខ។
“យើងត្រូវ គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងកសាងទំនុកចិត្តរួមគ្នា។ “ នេះជាការបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ដោយបានបន្តថា «ច្បាប់ព្រៃ» និងទស្សនៈដែលថា «អ្នកខ្លាំងតែងតែត្រូវ» យើងត្រូវតែបដិសេធនិងលុបបំបាត់។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើតនូវ «បណ្តាញអន្តរជាតិនៃអ្នកសម្របសម្រួលសភាដ៏ឆ្នើម» ដូចដែលបានស្នើឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសុន្ទរកថាបើករបស់សម្តេច។ យន្តការនេះគឺជាការបំពេញបន្ថែម មិនមែនបង្កើតឡើងដើម្បីជំនួសយន្តការសម្របសម្រួលដែលមានស្រាប់នោះទេ។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) មានថ្នាក់ដឹកនាំសភាបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ អង្គការដៃគូប្រមាណ៣០ ប្រទេសបានចូលរួម ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» ដោយបិទបញ្ចប់ប្រកបដោយលទ្ធផលជាទីមោទនក្នុងការជំរុញវប្បធម៌សន្ទនា ស្តារឡើងវិញនូវទំនុកចិត្ត និងការគោរពច្បាប់អន្តរជាតិ ដើម្បីសុខដុមនីយកម្មរបស់ពលរដ្ឋនៅទូទាំងសកលលោក។
ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា។ ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយចីរភាព។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា បទពិសោធផ្ទាល់របស់កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ បានបង្រៀនយើងឱ្យយល់ច្បាស់ពីគុណតម្លៃដ៏មហាសាលនៃសន្តិភាព។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ វឌ្ឍនភាព និងភាពរុងរឿងរបស់មនុស្សជាតិ។ កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍សន្តិសហវិជ្ជមាន និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ហើយមិនអត់ឱនជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការផ្លាស់ប្តូរព្រំដែនអន្តរជាតិជាឯកតោភាគី។ កម្ពុជានៅតែបន្តប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះគោលនយោបាយការបរទេសដែលផ្អែកលើគោលការណ៍ទាំងនេះ។
«សន្តិភាពគឺពិតជាមិនអាចខ្វះបាន ហើយសន្តិភាពមានទំនាក់ទំនងគ្នាទៅវិញទៅមក។ គ្មានប្រទេសណាមួយអាចទទួលបានស្ថិរភាពយូរអង្វែង ខណៈដែលប្រទេសជិតខាងរបស់ខ្លួនកំពុងប្រឈមនឹងជម្លោះ ឬអស្ថិរភាពនោះទេ»។ សម្តេចមហារដ្ឋសភាធិការធិបតី បានបញ្ជាក់ថា «ការតភ្ជាប់ និងការពឹងពាក់គ្នាទៅវិញទៅមក បានធ្វើឱ្យយើងកាន់តែមានភាពស្និទ្ធស្នាលគ្នាយ៉ាងស្អិតល្មួតជាមួយគ្នា ព្រមទាំងបានពង្រឹងនូវទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ក្នុងការរួមដៃគ្នាកសាងសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួម។ អាស្រ័យហេតុនេះ យើងចាំបាច់ត្រូវបន្តពង្រីកការតភ្ជាប់ និងការពឹងពាក់គ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងពង្រឹងទំនាក់ទំនងនេះឱ្យក្លាយជាកម្លាំងចលករវិជ្ជមាន សម្រាប់សន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួម»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia