Connect with us

ព័ត៌មាន

អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច

ភ្នំពេញ៖ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងដោយមានសាក្សីកិ​ត្តិយ​​​សជាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អង្គភា​​​ពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ​​។
ស្ថាប័នទាំងពីរបានព្រមព្រៀងគ្នា បន្ទាប់ពីបានពិភាក្សា និងការយល់គ្នាពីសារៈសំខាន់ និងភាពចាំ​បា​​ច់នៃការជំរុញកសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា នៅក្នុងបរិការណ៍សេដ្ឋកិច្ច ពិភ​​ពលោកពោរពេញដោយភាពតានតឹង និងការប្រកួតប្រជែងកាន់តែខ្លាំងលើការទាក់ទាញការវិនិយោគ ទាំ​ងក្នុងស្រុក និងបរទេស។ កិច្ចព្រមព្រៀងនេះ មានខ្លឹមសារសំខាន់ចំនួន២រួមមាន៖ទី១. តួនាទី និងការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជារួមមាន៖ផ្តល់ការសម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យប្ដឹងពីស​មាជិកមកកាន់ អ.ប.ព. ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន និងផ្តល់ការសហការជាមួយ អ.ប.ព. ក្នុងករណីចាំបាច់ណាមួយតាមសំណើរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូ​លា​​យអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយទៅសមាជិករបស់ខ្លួន។ រីឯខ្លឹមសារទី២.ការប្តេជ្ញាចិត្តរបស់អ​ង្គ​​ភា​​ពប្រឆាំងអំពើពុករលួយរួមមាន៖ ប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព ព្រមទាំងគាំទ្រយ៉ាងពេញទំ​​ហឹ​ងចំពោះ ការចូលរួម និងការប្តេជ្ញារបស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ អ.ប.ព. នឹងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលត្រូវបានផ្តល់ជូនដោយសុចរិត និងស្របតាមច្បាប់ ព្រមទាំងធានាថា ព័ត៌មានដែលទទួលបាននឹងត្រូវបានពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច និងនីតិវិធី ច្បាប់ជាធរមាន។ ក្នុងករណីមានព័ត៌មាន ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើពុករលួយ អ.ប.ព. នឹងពិនិត្យ និងចាត់វិធានការសមស្របតាមសមត្ថកិច្ចដែលច្បាប់បានកំណត់ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍សុចរិតភាព វិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់។
ស្ថាប័នទាំងពីរបានព្រមព្រៀងគ្នា រំពឹងទុក និងត្រៀមនូវការងារសំខាន់ៗចំនួន៤ បន្ទាប់ពីការចុះ MoU គឺ៖ទី១.រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករ​លួយ​​ជូន ដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន។ទី២. រៀបចំ និងរក្សាកិច្ចសន្ទនាជាប្រចាំតា​​​​មការចាំបាច់ និងប្រចាំឆ្នាំជាមួយគ្នាដើម្បីពិនិត្យដោះស្រាយ ការលំបាក និងបញ្ហាប្រឈមនានា ក្នុងវិស័យឯកជន ទី៣.ចាត់តាំងជនបង្គោលសម្រាប់ប្រាស្រ័យទាក់ទងគ្នាបានលឿន និងជាប្រចាំ និងទី៤. ទទួល និ​ង​​ដោះស្រាយនូវរាល់សំណើ – សំណូមពរ – ព័ត៌មាន និងពាក្យប្ដឹងនានា ទាំងតាមរយៈជនបង្គោលសភាពាណិជ្ជកម្មកម្ពុជា និងតាមរយៈការទំនាក់ទំនងមក អ.ប.ព.ផ្ទាល់ ដោយរក្សានូវការផ្តល់ព័ត៌មានជូនដំ​ណឹងគ្នា​តាមការចាំបាច់ និងដោយការគោរពតាមគោលការណ៍រក្សាការសម្ងាត់ឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ប្រភព និងអ្នកពាក់ព័ន្ធព័ត៌មានដែលបានផ្តល់មក។
អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia