Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋ ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាក

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីភូមិចំនួន១០ ក្នុងឃុំចំនួន២ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម ឡុង ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត និងឯកឧត្តម ជា សុផារ៉ា បានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះជំនន់ទឹកទន្លេមេគង្គ ព្រមទាំងចូលរួមសោកស្តាយចំពោះការខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមគណៈអធិបតីទាំងពីរ បានបញ្ជាក់ថា សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង និងបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់រៀបចំទីទួលសុវត្ថិភាពឱ្យបានល្អប្រសើរ ធានាការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ ភ្លើងបំភ្លឺ កន្លែងស្នាក់នៅសមរម្យ ស្បៀងអាហារ និងការថែទាំសុខភាពបឋម ជាពិសេសចំពោះកុមារ និងមនុស្សចាស់។
ជាមួយគ្នានេះ ឯកឧត្តមគណៈអធិបតីទាំងពីរ បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងជំងឺ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានក៏ត្រូវត្រៀមលក្ខណៈ និងសម្ភារៈសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ៤០លានរៀល ចូលរួមជាមួយឯកឧត្តម ជា សុផារ៉ា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ដោយឡែក អំណោយដែលបានប្រគល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស និងថវិកា ៤ម៉ឺនរៀល។
សកម្មភាពមនុស្សធម៌នេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ស្របតាមស្មារតី «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក»៕
No photo description available.May be an image of one or more people and crowdMay be an image of one or more people and crowdMay be an image of child, crowd and textMay be an image of one or more people, dais and textMay be an image of one or more people and text

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia