Connect with us

ព័ត៌មាន

កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោជិត១០០កសិដ្ឋាន ខណៈតម្រូវការទីផ្សារនាំចេញកំពុងកើនឡើង

ភ្នំពេញ៖ ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា កំពុងមាននិន្នាការរីកចម្រើនជាបន្តបន្ទាប់ ដោយសារតម្រូវការទីផ្សារពីប្រទេសជិតខាង និងទីផ្សារអន្តរជាតិមានការកើនឡើង។ បច្ចុប្បន្ន កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោជិត១០០កសិដ្ឋាន ដែលភាគច្រើនផ្តោតលើការចិញ្ចឹមគោយកសាច់ដែលនាំចូលពូជមកពីប្រទេសអូស្រ្តាលី។
លោក ស៊ាង សុខលីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ការចិញ្ចឹមគោនៅប្រទេសកម្ពុជាជាលក្ខណៈពាណិជ្ជកម្មកំពុងតែមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង គិតមកដល់ពេលនេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោចំនួនជិត ១០០កសិដ្ឋាន ក្នុងចំណោមនោះ ភាគច្រើនជាកសិដ្ឋានចិញ្ចឹមគោយកសាច់​ដែលបាននាំចូលពូជមកប្រទេសអូស្ត្រាលី ត្រូវបានវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនបរទេស។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២៦នេះ កម្ពុជាបាននាំចេញគោយកសាច់ចំនួនជិត ១ម៉ឺនក្បាលទៅទីផ្សារក្រៅប្រទេស ហើយរំពឹងថា បរិមាណនាំចេញគោនឹងបន្តកើនឡើងថែមទៀត។ ដោយសារតម្រូវការទីផ្សារហក់ឡើង​ លោកបាន​អំពាវនាវដល់ប្រជាកសិករដែលមានលទ្ធភាពគួរពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់​ទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន កម្ពុជាបានចិញ្ចឹមគោកយកសាច់ទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈពាណិជ្ជកម្ម មានចំនួនប្រមាណ ៣លាន ៥ សែនក្បាល។
លោកមានប្រសាសន៍ថា៖ «សក្តានុពលនៃអនុវិស័យចិញ្ចឹមសត្វ ជាពិសេស សម្រាប់សក្តានុពលការចិញ្ចឹមគោសម្រាប់នាំចេញ នៅកម្ពុជាកំពុងមានសក្តានុពលល្អសម្រាប់ពង្រីកការចិញ្ចឹម ពីព្រោះទីផ្សារនៅក្រៅប្រទេសសម្រាប់សាច់គោមានតម្លៃល្អ និងតម្រូវការទីផ្សារកើនឡើង»។
ចំណែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម ដើម្បីនាំចេញ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន កម្ពុជាស្ទើរតែមិនមានការនាំចូលគោពីបរទេសទៀតទេ។ គោដែលចិញ្ចឹមសម្រាប់នាំចេញ ត្រូវបានយកចិត្តទុកដាក់លើគុណភាព និងស្តង់ដារខ្ពស់ ហើយភាគច្រើនចិញ្ចឹមនៅក្នុងកសិដ្ឋានធំៗ ដែលមានគោរាប់ម៉ឺនក្បាល។
របាយការណ៍ការប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនសរុបដល់ ៣០,៥៣លានក្បាល កើនឡើង ៣,៤៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម មានចំនួន ៩៨, ៨៦៦ក្បាល់ កើនឡើង ៨២,១១% ដែលមានអត្រាកំណើនខ្ពស់ជាងគេក្នុងអនុវិស័យចិញ្ចឹមសត្វ។ ទន្ទឹមនឹងនេះ កម្ពុជាមានលទ្ធភាពនាំចេញគោ-ក្របី មាន់ ស្វាក្តាម និងទឹកដោះគោទៅទីផ្សារបរទេស។ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញគោ-ក្របីចំនួន ១៩,១៨០ក្បាល និងជ្រូកពូជ ចំនួន ១,១២០ក្បាល៕
អត្ថបទ៖ ធូ វិរៈ
May be an image of text that says 'សេរីពិព័រណ៍អន Series of Intern SeriesofInterry Interna GRI MBODIA 2026 នាៅកម្ពុជា សម្រាប់វិស័យកសិ hibition oforAgriculture, for Agriculture, Liv TOCK AQUA FIS CAMBODIA IA 2026 2026 BTV NEWS 6 බരුන E'May be an image of animalNo photo description available.

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia