ព័ត៌មាន
មោទនភាព! និស្សិតសិល្បៈសូនរូប ៤ឯកទេស ការពារសារណាបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ
កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីបិទការប្រឡងបញ្ចប់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ និងប្រកាសលទ្ធផល ជូនដល់និស្សិតជ័យលាភី។
លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សានេះ រួមមាន៖ ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម (ជំនាន់ទី២៨), ឯកទេសគំនូរសារគមនាគមន៍ (ជំនាន់ទី១៧), ឯកទេសវិចិត្រកម្ម (ជំនាន់ទី៣៤) និងឯកទេសចម្លាក់ (ជំនាន់ទី៣២)។ លោកសាស្រ្តាចារ្យ បានរំលឹកឡើងវិញថា ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែតុលា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ និស្សិតទាំងអស់បានខិតខំពុះពារការលំបាកប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដែលសាមីខ្លួនត្រូវប្រឡង រហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរយកមកដាក់ការពារនៅចំពោះមុខ ឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការនាថ្ងៃនេះ។
ចំណែកនិសិ្សតដែលប្រឡងបញ្ចប់បរិញ្ញាបត្រលើជំនាញឯកទេស បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ពួកយើងពិតជាមានក្តីរំភើប និងមោទនភាពជាខ្លាំង ដែលបានឆ្លងកាត់ការប្រឡងបញ្ចប់ការសិក្សានេះដោយជោគជ័យ។ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការរៀនសូត្របច្ចេកទេសសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាការលត់ដំសមត្ថភាព និងគំនិតច្នៃប្រឌិត។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានផ្ទេរចំណេះដឹង និងគាំទ្ររហូតមានថ្ងៃនេះ ហើយពួកយើងប្ដេជ្ញានឹងនាំយកជំនាញសិល្បៈទាំងនេះ ទៅចូលរួមចំណែកអភិវឌ្ឍ និងលើកស្ទួយវិស័យវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើន។
ស្របគ្នានោះដែរ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះនិស្សិតជ័យលាភីទាំង ១៥៨នាក់ (ក្នុងនោះមាននិស្សិតនារីចំនួន ៩៦នាក់)។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការបញ្ចប់បរិញ្ញាបត្រនាពេលនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ និងជាការសម្រេចបាននូវគោលដៅជីវិតដ៏សំខាន់របស់និស្សិតម្នាក់ៗ បន្ទាប់ពីបានខិតខំប្រឹងប្រែងប្រឡងឆ្លងកាត់ពី ៣ ទៅ ៤ ដំណាក់កាលយ៉ាងស្វិតស្វាញ។
នាឱកាសនោះដែរ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ប្អូនៗនិសិ្សត បានឆ្លងផុតពីភាពជានិសិ្សត កើតជាបញ្ញាវន្ត នៅក្នុងសង្គម។ ប្អូន បានឆ្លងផុតពេលនេះ គឺត្រឹមតែជាការចាប់ផ្តើម គឺចាប់ផ្តើមបន្តកី្តសង្ឃឹមរបស់ម្តាយ ឪពុក អាណាព្យាបាលទៅមុខទៀត។ នេះជាដំណាក់កាលដែលប្អូនត្រូវខិតខំបន្តដំណើរដោយខ្លួនឯងទៅមុខទៀត។ ឯកឧត្តម ជឿថាប្អូនៗនិសិ្សត គឺជាកី្តសង្ឃឹមរបស់ក្រុមគ្រួសារ ជាអ្នកលើកតម្កើងជីវភាព និងសាងកេរ្តិ៍ឈ្មោះ កិតិ្តយសមិនត្រឹមតែសម្រាប់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជូនដល់សង្គមជាតិទាំងមូល គឺតាមរយៈវិជ្ជាជីវៈរបស់ប្អូនៗនិសិ្សត៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ