Connect with us

ព័ត៌មាន

សកម្មជនសមាជិកគណបក្សភ្លើងទៀន ចំនួន៧៣នាក់ នៅស្រុកស្អាងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារករណីពិសេស នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះទៅទទួលស្វាគមន៍អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀនចំនួន ៧៣នាក់ ដែលបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមនេះ គឺដោយសារពួកគាត់បានមើលឃើញយ៉ាងច្បាស់ពីការដឹកនាំប្រកបដោយគតិបណ្ឌិត កិត្យានុភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្រោមដំបូលនៃសុខសន្តិភាព។ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល ឃុំតាលន់ ឃុំប្រាសាទ និងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលផងដែរ។

នៅក្នុងឱកាសដ៏មានន័យនោះ លោក រស់ ចំណាន បានពាំនាំនូវកាផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ក្នុងឱកាសនោះ លោក រស់ ចំណាន បានសម្តែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះស្មារតីភ្ញាក់រលឹក និងការជឿជាក់យ៉ាងមុតមាំរបស់បងប្អូនសកម្មជនទាំងអស់ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែបើកទូលាយ និងទទួលស្វាគមន៍បងប្អូនជនរួមជាតិគ្រប់រូបដែលមានបំណងរួមរស់ និងរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនោះដែ លោក រស់ ចំណាន ក៏បានបន្តបេសកកម្មមនុស្សធម៌ដោយបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំងចំនួន ៣គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពចំពោះមុខ។

អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗរួមមាន៖

គ្រឿងឧបភោគបរិភោគ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកប៉ុង ក្រមា ភួយ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយតម្រូវការប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយ រួមទាំងអតីតសកម្មជនដែលបានចូលរួមជីវភាពនយោបាយថ្មី បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ៕ អត្ថបទ : វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia