ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទនៃស្ថាប័នទាំងពីរ។
កិច្ចប្រជុំក្រុមប្រឹក្សាវិន័យឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡង គឺជាយន្តការផ្លូវការមួយដ៏សំខាន់ និងចាំបាច់ដើម្បីពិនិត្យ ស្រាវជ្រាវ និងសម្រេចលើភាពមិនប្រក្រតី ឬអាកប្បកិរិយាខុសវិន័យរបស់មន្ត្រី ឬភាគីពាក់ព័ន្ធក្នុងអំឡុងពេល និងក្រោយពេលប្រឡង ដោយពិនិត្យវាយតម្លៃ ធ្វើកំណត់ហេតុ និងកំណត់ស្ថានទម្ងន់ទោសចំពោះករណីមិនប្រក្រតីនានាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅ ឈានទៅដាក់ចេញជាគោលការណ៍បទប្បញ្ញត្តិក្រើនរំលឹកបង្ការបាតុភាពផ្សេងៗក្នុងការប្រឡងនាពេលអនាគត សំដៅកែលម្អដំណើរការប្រឡងឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់ពីស្ដាប់របាយការណ៍ និងកិច្ចពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រុមការងារទទួលបន្ទុករៀបចំការប្រឡង ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងឆ្លើយតប និងប្រមូលធាតុចូលយ៉ាងលម្អិត តាមរយៈការផ្លាស់ប្ដូរបទពិសោធដែលទទួលបានពីគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កន្លងទៅ ដោយបានបញ្ជាក់ពីការថយចុះគួរឱ្យកត់សម្គាល់នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡង ព្រមទាំងបានគូសរំលេចនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់ ជំរុញឱ្យគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមបញ្ជាក់ថា ក្រសួងបានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី និងតាមបណ្ដាខេត្តទាំង ២៥ នៅទូទាំងប្រទេស៕







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ