ព័ត៌មាន
គោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ ក្នុងនោះទីតាំងចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង នឹងត្រូវរឹតបន្តឹងខ្លាំងជាងគេ ដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។
ការលើកឡើងនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ ដែលកើតឡើងយ៉ាងគំហុកនាពេលចុងក្រោយនេះ ជាពិសេស៥គោលដៅខាងលើ ដែលគិតត្រឹមរយៈពេល ៦ខែកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីរឹតបន្តឹងច្បាប់នេះឡើងវិញ។ ឯកឧត្តម បានបន្តថា កន្លងទៅកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក គ្រាន់តែធ្វើការអប់រំ មិនធ្វើការផាកពិន័យទេ បានន័យថា អប់រំឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ប៉ុន្តែសង្កេតឃើញថា នៅតែមានកំណើនខ្ពស់។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ គិតក្នុងឆមាសទី១ ឆ្នាំ២០២៦ អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៧៧៣នាក់ ក្នុងនោះជាង ១ ០០០នាក់ រងរបួស ហើយរបួសអាចបន្តស្លាប់កើនឡើងថែមទៀត។ ឯកឧត្តម បានបន្ថែមថា ករណីគ្រោះថ្នាក់នេះបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ មានរហូត ៤៦% នៃគ្រោះថ្នាក់, ការមិនគោរពសិទ្ធិអាទិភាព ក៏គ្រោះថ្នាក់ខ្ពស់ដែរ និងមួយទៀត គឺបើកបរក្នុងស្ថានភាពស្រវឹង ខណៈការរឹតបណ្តឹង អ្នកបើកបរក្នុងស្ថានភាពស្រវឹង បាននិងកំពុងតែធ្វើរហូតមកគ្រប់រាជធានីខេត្ត។
ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់ ចាប់ពីថ្ងៃទី១ ខែកញ្ញានេះតទៅ ជាពិសេសនៅក្នុងភូមិសាស្ត្រគន្លឹះទាំង៥ខាងលើ គឺជាវិធានការដាច់ខាត និងចាំបាច់បំផុតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។ ជោគជ័យនៃយុទ្ធនាការនេះ មិនមែនពឹងផ្អែកតែលើការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែទាមទារដាច់ខាតនូវការចូលរួមគោរពច្បាប់ដោយស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អ្នកបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិទាំងមូល៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា