ព័ត៌មាន
សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ
សហគ្រិនស្រ្ដី បញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងការខិតខំពង្រឹងគុណភាពផលិតផល ធ្វើឱ្យប្រជាពលរដ្ឋ មានការគាំទ្រច្រើន ខណៈផលិតផលមួយចំនួនកំពុងដាក់លក់ក្នុងទីផ្សារអន្ដរជាតិ។
លោកស្រី លី គង្គា សហស្ថាបនិកសិប្បកម្មផលិតទឹកត្រី ស៊ីហា ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រាប់ BTV នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ការបង្កើតរោងចក្រផលិតទឹកត្រីនេះ ដើម្បីបង្ហាញស្នាដៃរបស់កូនខ្មែរ និងជួយជីវភាពប្រជានេសាទ។ លោកស្រីឱ្យដឹងថា ចាប់តាំងពីចាប់ផ្ដើមអាជីវកម្មកាលពីឆ្នាំ២០១៨មក រោងចក្ររបស់លោកស្រី បានជួបការបរាជ័យជាច្រើនលើក។ ប៉ុន្ដែក្រោមការខិតខំមិនបោះបង់ ទីបំផុតសិប្បកម្មផលិតទឹកត្រី របស់លោកស្រី ទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០២៤ និងចាប់ផ្ដើមលក់ក្នុងទីផ្សារកម្ពុជា ហើយបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។ បច្ចុប្បន្ននេះសិប្បកម្មផលិតទឹកត្រីមួយនេះ កំពុងទាក់ទងទីផ្សារអន្ដរជាតិផ្សេងៗទៀត ដើម្បីនាំចេញផលិតផលរបស់ខ្លួន ឱ្យអន្ដរជាតិបានស្គាល់ពីផលិតផលខ្មែរ។
លោកស្រី លី គង្គា សហស្ថាបនិកសិប្បកម្មផលិតទឹកត្រី ស៊ីហា ៖«សិប្បកម្មរបស់ខ្ញុំ បង្កើតឡើងកាលពីឆ្នាំ២០១៨ ប៉ុន្ដែបីឆ្នាំដំបូង មិនទទួលបានជោគជ័យទេ។ ពីព្រោះដំណើរការផលិត ត្រូវចំណាយខ្ពស់លើឧបករណ៍ វត្ថុធាតុដើម និងហិរញ្ញវត្ថុ។ ហើយយើងផលិតបានជោគជ័យក្នុងឆ្នាំ២០២៤ នឹងចេញលក់លើទីផ្សារក្នុងទូទាំងប្រទេសក្នុងឆ្នាំ២០២៦។ ដំបូងយើងបារម្ភថា មិនជោគជ័យ ព្រោះជាផលិតផលថ្មី ប៉ុន្ដែចរន្ដគាំទ្រពីពលរដ្ឋខ្លាំង នាំឱ្យផលិតផលយើងលក់ដាច់ខ្លាំងលើសពីការរំពឹងទុក។ ទន្ទឹមនិងលក់ជោគជ័យក្នុងស្រុក យើងបានបោះជំហាននាំចេញទៅសហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។ ការនាំចេញទៅក្រៅប្រទេសបាននេះ ពីព្រោះផលិតផលយើងមានគុណភាព និងស្ដង់ដារខ្ពស់។ ហើយពេលនេះយើងកំពុងសំឡឹងមើលទៅប្រទេសតំបន់អឺរ៉ុប អូស្រ្ដាលី កូរ៉េ និងប្រទេសផ្សេងៗទៀត ធ្វើយ៉ាងណានាំផលិតផលខ្មែរចូលទីផ្សារអន្ដរជាតិ»។
ចំណែកលោកស្រី យូ សុគន្ធា ម្ចាស់រោងចក្រផលិត ជីទឹកកសិករយើង ស្ថិតក្នុងខេត្តកំពង់ធំ បានប្រាប់ថា លោកស្រីបង្កើតរោងចក្រនេះឡើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីលោកស្រីមើលឃើញថា ជីកសិកម្មភាគច្រើន ត្រូវបាននាំចូលពីបរទេស ហើយភាគច្រើនជាជីគីមី។ លោកស្រីបញ្ជាក់ថា បន្ទាប់ពីបង្កើត និងចាប់ផ្ដើមលក់លើទីផ្សារក្នុងឆ្នាំ២០២៥ ការគាំទ្រពីកសករមានកំណើន ពីព្រោះជីរបស់លោកស្រី ជាជីធម្មជាតិផ្ដល់ទិន្នផលខ្ពស់សម្រាប់ដំណាំស្រូវ។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះលោកស្រីកំពុងបន្តពង្រឹងគុណភាព និងពង្រីកការផលិតដើម្បីផ្គត់ផ្គង់ឱ្យបានទូលាយក្នុងប្រទេស មុនពេលសំឡេងមើលទីផ្សារអន្ដរជាតិ។
លោកស្រី យូ សុគន្ធា ម្ចាស់រោងចក្រផលិត ជីទឹកកសិករយើង ៖«នាងខ្ញុំក្នុងនាមជាកូនខ្មែរ មានមោទនភាព ដែលអាចផលិត នូវផលិតផលដែលមានប្រយោជន៍សម្រាប់កសិករ។ យើងមិនទាន់សំឡេងដល់ទីផ្សារអន្ដរជាតិទេ យើងធ្វើយ៉ាងណាពង្រីកការផលិតផ្គត់ផ្គង់ក្នុងស្រុកជាមុនសិន។ ហើយខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ដែលជួយតម្រង់ផ្លូវ ទាំងការពង្រឹងគុណភាព និងការចុះបញ្ជី ព្រមទាំងផ្ដល់ភាពអនុគ្រោះដល់សហគ្រិនស្រ្ដីជាច្រើន។ ការជួយពីរដ្ឋាភិបាល គឺជាការផ្ដល់កម្លាំងចិត្តធំធេងណាស់សម្រាប់ពួកយើងជាសហគ្រិន»។
សហគ្រិនស្រ្ដី ជឿជាក់ថា ផលិតផលខ្មែរ នឹងបន្តរីកចម្រើនទៅមុខកាន់តែល្អថែមទៀត ខណៈរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែងអ្នកផលិតក្នុងស្រុក តាមរយៈការលើកលែងពន្ធ និងការសម្រួលនីតិវិធីផ្សេងៗ ខណៈប្រជាពលរដ្ឋ នៅតែបន្តគាំទ្រកាន់តែច្រើន៕ អត្ថបទ ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣