ព័ត៌មាន
អភិបាលខេត្តកណ្ដាលណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ទាំង១៣ ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅក្នុងមូលដ្ឋាន
ឯកឧត្តម គួច ចំរេីន អភិបាលខេត្តកណ្ដាលបានណែនាំដល់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាលដែលត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។
មានប្រសាសន៍ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានបញ្ជាក់ថា៖ គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ដែលទើបទទួលបានការតែងតាំង ត្រូវបន្តលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនចូលរួមជាមួយសមាគម ដើម្បីឱ្យគណៈកម្មាធិការអាចស្វែងយល់បានកាន់តែច្បាស់ពីសុខទុក្ខ ជីវភាព និងបញ្ហាប្រឈមរបស់ពួកគាត់ ហើយរួមចំណែកដោះស្រាយបញ្ហាបានទាន់ពេលវេលា ព្រមទាំងពង្រឹងចំណងមនោសញ្ចេតនារវាងអតីតយុទ្ធជន និវត្តជន និងរាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តម បានបន្ដថា៖ ការប្រកាសសមាសភាពគណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក នាពេលនេះ គឺជាការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ មហាសន្និបាតវិសាមញ្ញសមាគមអតីតយុទ្ធជនកម្ពុជា តំណាងទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយមហាសន្និបាតវិសាមញ្ញនេះ បានសម្រេចអនុម័តលក្ខន្តិកៈថ្មីរបស់សមាគម និងបានដាក់ចេញនូវការកែសម្រួលសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ដាក់បញ្ចូលមុខសញ្ញា និវត្តជនជាមន្ត្រីរាជការ ឱ្យចូលជាសមាជិកសមាគម។ ទី២. ប្តូរឈ្មោះពី «សមាគមអតីតយុទ្ធជនកម្ពុជា» មកជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» (អ.ន.ក.) និងទី៣. កែសម្រួល និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់សមាគមនៅតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ ដើម្បីធានាឱ្យការគ្រប់គ្រង ការថែទាំ និងការបម្រើអតីតយុទ្ធជន និងនិវត្តជន កាន់តែមានប្រសិទ្ធភាព ជិតស្និទ្ធ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់សមាជិក។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការកែសម្រួលនេះ បានបង្ហាញពីចក្ខុវិស័យរយៈពេលវែង និងការយកចិត្តទុកដាក់របស់សមាគម ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជន ពីព្រោះពួកគាត់បានធ្វើពលិកម្មយ៉ាងធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា។ មួយវិញទៀត គឺការរៀបចំសមាគមនេះ ជាការរៀបចំផ្លូវសម្រាប់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់រូបនាពេលអនាគតផងដែរ ព្រោះនៅពេលឈានដល់វ័យចូលនិវត្តន៍ យើងក៏នឹងក្លាយជានិវត្តជនដូចគ្នា ដូច្នេះ ការយកចិត្តទុកដាក់ចំពោះនិវត្តជននាពេលបច្ចុប្បន្ន គឺជាការរៀបចំប្រព័ន្ធសុខុមាលភាពសង្គមមួយដែលអាចផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មន្ត្រីរាជការគ្រប់រូបសម្រាប់ថ្ងៃអនាគត។
ឯកឧត្តមអភិបាល បានជំរុញដល់គណៈកម្មាធិការ អ.ន.ក. គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះ គ្រួសារកងទ័ព ជាពិសេសគ្រួសាររបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅផ្លូវចិត្ត មានទំនុកចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារ ជាតិ សន្តិភាព និងបូរណភាពទឹកដី បន្ថែមពីលើនេះ គណៈកម្មាធិការ អ.ន.ក. ត្រូវបន្តធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យចំនួននិវត្តជនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្តល់សេវា និងការគាំពារផ្សេងៗ ព្រមទាំងបន្តលើកទឹកចិត្ត និងផ្តល់មេដាយកិត្តិយសដល់បងប្អូនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ។
ដោយ៖ សៅ យ៉ាម៉ង់













-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ