ព័ត៌មាន
ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា
ភ្នំពេញ៖ វេទិកាការងារឌីជីថលបានបង្កើតឱកាសថ្មីៗក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែកម្មករនៅក្នុងវិស័យដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមថ្នាលឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រឈមនឹងម៉ោងធ្វើការយូរ ភាពមិនប្រាកដប្រជានៃប្រាក់ចំណូល និងចន្លោះប្រហោងនៃការគាំពារសង្គម។នេះបើយោងតាមការសិក្សាថ្មីមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ។
របាយការណ៍ដែលមានចំណងជើងថា ការពិនិត្យវិនិច្ឆ័យលក្ខខណ្ឌការងារ និងវិសាលភាពនៃការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់កម្មករវេទិកាឌីជីថលនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយផ្អែកលើការស្ទង់មតិ និងបទសម្ភាសន៍ជាមួយកម្មករថ្នាលឌីជីថលនៅរាជធានីភ្នំពេញ ព្រមទាំង ភាគីពាក់ព័ន្ធនានា រួមមាន រដ្ឋាភិបាល ក្រុមហ៊ុនប្រតិបត្តិថ្នាលឌីជីថល និងតំណាងសហជីព និងសមាគមកម្មករវេទិកាឌីជីថល។ ការសិក្សានេះបានពិនិត្យលក្ខខណ្ឌការងាររបស់អ្នកបើកបរដឹកអ្នកដំណើរតាមថ្នាលឌីជីថល រួមមាន អ្នកបើករ៉ឺម៉កកង់បី, អ្នកបើកឡានតាក់ស៊ី, និងអ្នកដឹកជញ្ជូនទំនិញ។
ការសិក្សាបានរកឃើញថា វិស័យនេះមានឱកាស និងការរីកចម្រើន ប៉ុន្តែក៏ប្រឈមនឹងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិសុខការងារ, ការគាំពារសង្គម, និងការមានតំណាង។ អ្នកទាំងនោះ បានរាយការណ៍ថា ពួកគេចំណាយពេលស្ទើរតែពេញមួយសប្តាហ៍លើការងារនេះ។ ជាមធ្យម កម្មករវេទិកាឌីជីថលធ្វើការ ៦,៧ ឬ ៦,៨ ថ្ងៃក្នុងមួយសប្តាហ៍ និង ពី ១១ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ។ តួលេខទាំងនេះ រាប់បញ្ចូលទាំងពេលវេលារង់ចាំដែលមិនទទួលបានប្រាក់កម្រៃ ខណៈដែលពួកគេនៅតែភ្ជាប់ជាមួយកម្មវិធី ដើម្បីរង់ចាំអតិថិជន ឬសំណើដឹកជញ្ជូន។
លទ្ធផលនៃការសិក្សាបង្ហាញថា កម្លាំងពលកម្មលើថ្នាលឌីជីថលភាគច្រើនជាបុរសវ័យក្មេង ដោយអ្នកដឹកជញ្ជូនទំនិញមានអាយុតិចជាងអ្នកបើកបរដឹកអ្នកដំណើរតាមថ្នាលឌីជីថលគួរឱ្យកត់សម្គាល់។ កម្មករភាគច្រើនពឹងផ្អែកលើថ្នាលឌីជីថលតែមួយសម្រាប់ប្រាក់ចំណូល ទោះជាយ៉ាងណា អ្នកបើកបរដឹកអ្នកដំណើរមានទំនោរប្រើវេទិកាច្រើនជាងមួយ ដើម្បីព្យាយាមកាត់បន្ថយការប្រែប្រួលនៃប្រាក់ចំណូល។
ប្រាក់ចំណូលមានភាពខុសគ្នាទៅតាមប្រភេទការងារលើថ្នាលឌីជីថល។ អ្នកបើកតាក់ស៊ីបានរាយការណ៍ថាមានប្រាក់ចំណូលសរុបប្រចាំខែខ្ពស់បំផុត ជាមធ្យម ៥៨១ ដុល្លារអាមេរិក ប៉ុន្តែប្រាក់ចំណូលដែលនៅសល់ក្រោយចំណាយមានចំនួនតិចបំផុត ដោយសារការចំណាយប្រតិបត្តិការខ្ពស់។ អ្នកដឹកជញ្ជូនអាហារមានប្រាក់ចំណូលសរុបប្រចាំខែទាបបំផុត ជាមធ្យម ៥០១ ដុល្លារអាមេរិក ប៉ុន្តែអាចរក្សាទុកប្រាក់ចំណូលបានច្រើនជាងក្រោយកាត់ចំណាយប្រតិបត្តិការ។ អ្នកបើករ៉ឺម៉កកង់បីបានរាយការណ៍ថា មានប្រាក់ចំណូលសរុបប្រចាំខែជាមធ្យម ៤៧៧ ដុល្លារអាមេរិក។
ប្រហែលពាក់កណ្តាលនៃកម្មករវេទិកាឌីជីថលដែលបានចូលរួមក្នុងការស្ទង់មតិបានរាយការណ៍ថា ពួកគេមានការគ្របដណ្តប់ផ្នែកសន្តិសុខសង្គមក្នុងទម្រង់ណាមួយ ដែលភាគច្រើនជាអត្ថប្រយោជន៍ថែទាំសុខភាពដោយស្ម័គ្រចិត្ត តាមរយៈបេឡាជាតិសន្តិសុខសង្គមរបស់កម្ពុជា។
លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ថា៖ «ថ្នាលការងារឌីជីថលកំពុងបង្កើតឱកាសសំខាន់ៗក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើន ហើយអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍»។
លោកស្រី បានបន្តថា៖ «ទន្ទឹមនឹងនេះ លទ្ធផលនៃការសិក្សាបង្ហាញពីតម្រូវការក្នុងការពង្រឹងការការពារសម្រាប់កម្មករថ្នាលឌីជីថល។ ក្របខ័ណ្ឌច្បាប់ដែលកាន់តែច្បាស់លាស់ក៏អាចជួយផ្តល់ភាពប្រាកដប្រជាកាន់តែខ្លាំងសម្រាប់កម្មករ និងអាជីវកម្មដូចគ្នា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចថ្នាលឌីជីថលរបស់កម្ពុជា»។
របាយការណ៍ក៏បានរកឃើញទៀតថា ប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លក្ខខណ្ឌការងាររបស់កម្មករថ្នាលឌីជីថល។ អ្នកឆ្លើយតបភាគច្រើនបានលើកឡើងថា ការវាយតម្លៃពីអតិថិជនមានឥទ្ធិពលយ៉ាងខ្លាំងទាំងលើប្រាក់ចំណូល និងការបែងចែកការងាររបស់ពួកគេ។ ជិតពាក់កណ្តាលបានរាយការណ៍ថា ពួកគេប្រឈមនឹងការដាក់ទណ្ឌកម្ម រួមទាំង ការកាត់បន្ថយការបែងចែកការងារ ឬការផ្អាកគណនី ដោយសារការបដិសេធ ឬលុបចោលការបញ្ជាទិញ។
ទោះបីជាកម្មករស្ទើរតែទាំងអស់បានរាយការណ៍ថា ពួកគេបានទទួលការបណ្តុះបណ្តាលអំពីសុវត្ថិភាព ការប្រើប្រាស់ថ្នាលឌីជីថល និងសេវាអតិថិជនក៏ដោយ ការរងរបួសទាក់ទងនឹងការងារនៅតែកើតមានជាញឹកញាប់។ អ្នកដឹកជញ្ជូនទំនិញប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយមួយក្នុងចំណោមបី បានរាយការណ៍ថា ធ្លាប់រងរបួសក្នុងពេលបំពេញការងារ៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣