ព័ត៌មាន
១៥ឆ្នាំ ស្ត្រីជាង ២ម៉ឺននាក់ ទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈសាឡនក្នុងនោះជាង ៥ពាន់នាក់ បានក្លាយជាម្ចាស់អាជីវកម្មមានភាពធន់ក្នុងសេដ្ឋកិច្ច
(ភ្នំពេញ)៖ លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកសាឡនជាង ២ម៉ឺននាក់។ នៅក្នុងចំណោមនោះមានស្ត្រីជាង ៥ពាន់នាក់ បានក្លាយជាម្ចាស់អាជីវកម្មសាឡនផ្ទាល់ខ្លួន ដែលបង្ហាញពីភាពធន់ និងជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។
ការឱ្យដឹងបែបនេះបានធ្វើឡើងក្នុងពិធី «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២២៦នេះ។
លោកស្រី ហង់ វុត្ថា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់រៀនសូត្រប្រកបដោយចក្ខុវិស័យ ស្ត្រីជាម្ចាស់អាជីវកម្មសាឡន ត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញច្បាស់លាស់ ដែលអនុញ្ញាតឱ្យពួកគេអាចឈរជើងបានរឹងមាំ។ ភាពជោគជ័យនេះ ក៏កើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការប្រើប្រាស់បេះដូងក្នុងការច្នៃប្រឌិតសេវាកម្មជូនអតិថិជនជាទីស្រឡាញ់របស់ខ្លួន។
បន្ថែមពីនេះ លោកស្រីបានគូសបញ្ជាក់ថា វិស័យសាឡននៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាមិនអន់នោះទេ តែមានភាពអស្ចារ្យ ដោយសារតែសិល្បៈនៃការរចនារបស់ស្ត្រីដែលជាជាងសាឡន មានទន់ភ្លន់ និងច្នៃប្រឌិត។ វិស័យសាឡននៅក្នុងប្រទេសកម្ពុជា មានសក្ដានុពលក្នុងការរកចំណូល ទោះបីជាតម្លៃសេវាកម្មដែលយកពីអតិថិជនមានកម្រិតទាបជាងនៅតាមបណ្ដាប្រទេសដទៃក៏ដោយ។ ចំណុចនេះ បានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់អាជីវកម្មក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ ភាពធន់ និងការលះបង់នេះ មិនត្រឹមតែជួយឱ្យពួកគេអាចរកចំណូលបានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
ភ្ជាប់ជាមួយការវិវត្តឥតឈប់ឈរនៅសម័យរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ, លោកស្រី ហង្ស វុត្ថា បានលើកទឹកចិត្ត និងគាំទ្រដល់ស្ត្រីដែលជាម្ចាស់អាជីវកម្មសាឡន ឱ្យអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត គឺការប្រើប្រាស់ AI ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃរបស់ខ្លួន តាមរយៈការច្នៃម៉ូតូសក់ ឬការជ្រើសរើសកូល័រសម្រាប់ផាត់ជូនអតិថិជនជាដើម។
លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យសាឡន និងសម្អាងការ គឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់ និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងវិស័យ សាឡន បន្តខិតខំពង្រឹងសមត្ថភាព ជំនាញ និងគុណភាពសេវាកម្ម ព្រមទាំងយកចិត្តទុកដាក់ប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ដើម្បីធានាគុណភាព និងបង្កើនទំនុកចិត្តរបស់អតិថិជន ដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យសាឡននៅកម្ពុជា។
មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានបន្តការប្ដេជ្ញាចិត្តបណ្ដុះបណ្ដាលធនធានមនុស្ស និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសាឡននៅកម្ពុជា ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន ៤,០៦៤នាក់។ ដោយឡែករយៈពេល១៥ឆ្នាំ នៃកិច្ចការងាររបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន យើងបានបណ្ដុះបណ្ដាលសិក្ខាកាមលើសពី ២០,០០០នាក់ វាក៏ជាសក្ខីភាពបញ្ជាក់ថា វិស័យសាឡននៅកម្ពុជា កំពុងទទួលបានការទទួលស្គាល់ថា ជាវិជ្ជាជីវៈដ៏មានកិត្តិយស មានសក្តានុពលសេដ្ឋកិច្ច និងអាចបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព៕














-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ