Connect with us

ព័ត៌មាន

អ្នកនយោបាយ៖ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា​គឺមានសារសំខាន់សម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោក

អ្នកនយោបាយបានលើកឡើងថា ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ គឺនឹងជម្រុញលើកទឹកចិត្តដល់បណ្តាប្រទេស និងបណ្តារដ្ឋទាំងអស់ដែលមានសភានិយម ដែលមានចំណេះដឹងពិតប្រាកដ ដែលមានឆន្ទៈនយោបាយដោះស្រាយបញ្ហាវិវាទទាំងឡាយដោយសន្តិវិធី សំដៅធ្វើយ៉ាងណាដល់វិបុលភាព សុខមាលភាពសម្រាប់ប្រជាជនរស់នៅក្នុងសន្តិភាព និងអាយុជីវិត ការរស់នៅ ការអភិវឌ្ឍន៍។

ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យបង្កើតអ្នកសង្កេតការណ៍អន្តរសភា សម្រាប់បទឈប់បាញ់ ដែលជាយន្តការការទូតសភាអន្តរជាតិដើម្បីសន្តិភាព និងចូលរួមតាមដាន ដើម្បីដោះស្រាយទប់ស្កាត់មហិច្ឆិតាបង្កសង្គ្រាមឈ្លានពាន រុាំរ៉ៃ ដែលបង្កឡើងដោយរដ្ឋភាគីថៃ បានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំឲ្យមានក្រុមអ្នកសង្កេតការណ៍សភាតាមដានទៅលើបទឈប់បាញ់ ដែលនេះគឺជាចំណុចមួយក៏ដូចជាសុចនាករណ៍មួយដ៏ល្អបំផុតដែលខ្មែរគ្រប់រូបចង់បានការមើលឃើញពីអន្តរជាតិ និងចង់ឲ្យអន្តរជាតិឈឺឆ្អាលនិងបញ្ចប់នៅសង្គ្រាមក៏ដូចជាការឈា្លនពានរបស់ថៃមកលើកម្ពុជា។ ប្រជាជនបាត់សិទ្ធិនៅក្នុងការរស់នៅតាមបន្ទាប់ព្រំដែន ស្របពេលដែលកម្ពុជាមានសុខសន្តិភាពបែរជាមានសត្រូវមកឈ្លានពាន។ ហើយប្រជាជនខ្មែរទៅទាំងប្រទេសអត់បានឲ្យមានសង្គ្រាមកើតឡើងទេ ហើយក៏មិនចង់ឲ្យមានការបាត់បង់នៅសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់នេះដែរ។ ហេតុនេះហើយយើងត្រូវតែទាមទារឲ្យអន្តរជាតិជួយដោះស្រាយ។

ឯកឧត្តមបញ្ជាក់ថា “ការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គឺជាការចង្អុលបង្ហាញឲ្យអន្តរជាតិបានស្គាល់ថា អ្នកដែលកំពុងឈ្លានពានមកលើកម្ពុជា គឺជាប្រទេសថៃ។ ហើយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនេះ គឺប្រជាពលរដ្ឋ អ្នកនយោបាយ និងអង្គការសង្គមស៊ីវិលផ្សេងៗគេសាទរខ្លាំង។ យកទុក្ខលំបាកខ្លួនឯងមកបង្ហាញឲ្យអន្តរជាតិបានដឹង ហើយឲ្យអ្នកដែលបានឃើញទិដ្ឋភាពទាំងអស់នេះជួយបញ្ចប់និងរំលត់ឲ្យប្រជាជនទាំងសងខាងបានសុខឡើងវិញ”។

ចំណែកឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងថា គណបក្សឯកភាពជាតិខ្មែរ សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមអ្នកសង្កេតការណ៍សភា ដែលនេះគឺជាលើកទី១ ដែលសម្តេចតេជោបានស្នើទៅប្រធានសភានៃបណ្តា​ប្រទេសដែលបានចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ពោលគឺក្រៅពីការងាររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីបានធ្វើការងារទូតទូទាំងពិភពលោក ហើយឥឡូវសម្តេចតេជោបានស្នើទៅអន្តរសភាដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់។

ឯកឧត្តមបានបញ្ជាក់ថា “នេះជាការស្នើសុំយោបល់មួយពីអន្តរសភាដើម្បីឲ្យចាប់អារម្មណ៍ទៅលើប្រទេសថៃឈ្លានពានមកលើកម្ពុជា និងជួយដល់ប្រទេសតូចតាចដែលរងគ្រោះពីការឈ្លានពាន។ ក្រៅពីអន្តរាគមន៍ការទូត និងតំណាងប្រទេស តំណាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ និងសហគំន៍ប្រើភាសាបារាំងជាង ៩០ប្រទេសដែលបានចូលរួមអន្តរាគមន៍ ឥឡូវសម្តេចតេជោបានស្នើឲ្យអន្តរសភាជួយអន្តរាគមន៍ដែលនេះជាកត្តាមួយសំខាន់បំផុតសម្រាប់ធ្វើការងារទូតឲ្យ​ផុស​ផុលលើពិភពលោកឲ្យឃើញថៃឈ្លានពានមកលើកម្ពុជា។ សូមការគាំទ្រនៅការស្នើរបស់សម្តេចតេជោទៅអន្តរសភាដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍សភាជួយដោះស្រាយជួយអន្តរាគមន៍ទៅលើការឈ្លានពាន​របស់ថៃមកលើកម្ពុជា។ ហើយមិនមែនត្រឹមតែជួយដល់កម្ពុជាទេ គឺក្រុមអ្នកសង្កេតការណ៍សភាអាចជួយដល់ប្រទេសតូចតាចណាផ្សេងទៀតដែលរងគ្រោះពីការឈ្លានពានពីប្រទេសធំៗ”។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា គណបក្សឯកភាពជាតិខ្មែរ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ និងដើម្បីត្រួតពិនិត្យនៅលើបញ្ហាផ្លូវច្បាប់ ហើយក៏ជាមោទនាភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ។ អ្វីដែលសម្តេចតេជោមានទស្សនវិស័យខ្ពស់ និងមានចក្ខុវិស័យក្នុងការដឹកនាំមិនចង់បង្កសង្គ្រាម មិនចង់ប្រើកម្លាំងទ័ព ពោលគឺដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ថា “អ្វីដែលសម្តេចតេជោមានគំនិតផ្តួចផ្តើមស្នើអន្តរសភាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ និងរៀបចំដោះស្រាយបញ្ហាថៃឈ្លានពានកម្ពុជា គឺសូមគាំទ្រនៅរាល់អនុសាសន៍ និងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង”។

ចំណែកលោក ហេង ម៉េងលី បានថ្លែងថា ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា គឺនឹងជម្រុញលើកទឹកចិត្តដល់បណ្តាប្រទេសនិងបណ្តារដ្ឋទាំងអស់ដែលមានសភានិយម ដែលមានចំណេះដឹងពិតប្រាកដ ដែលមានឆន្ទៈនយោបាយដោះស្រាយបញ្ហាវិវាទទាំងឡាយដោយសន្តិវិធី សំដៅធ្វើយ៉ាងណាដល់វិបុលភាព សុខមាលភាពសម្រាប់ប្រជាជនរស់នៅក្នុងសន្តិភាព និងអាយុជីវិត ការរស់នៅ ការអភិវឌ្ឍន៍។ ដូច្នេះក្រុមអ្នកសង្កេតសភាដែលសម្តេចតេជោបានលើកឡើងនៅ្នក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នឹងទទួលបានការពិចារណាគ្រប់ជ្រុងជ្រោយចំពោះលទ្ធផលដ៏ល្អប្រសើរសម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោករស់នៅប្រកបដោយសន្តិភាព សុខមាលភាព។

សូមជម្រាបថា ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្តារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។ យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia