ព័ត៌មាន
ប្រតិបត្តិការឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់សហគ្រាសនៅកម្ពុជា
ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំពុងជំរុញឱ្យសហគ្រាសនៅកម្ពុជាបន្តផ្លាស់ប្តូររបៀបដំណើរការអាជីវកម្មពីបែបប្រពៃណីទៅជាឌីជីថល។ ការពង្រីកបណ្តាញអ៊ីនធឺណិត ការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល និងការកើនឡើងនៃសេវាអនឡាញ បានបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់សហគ្រាសក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលក់ ផ្សព្វផ្សាយ និងការផ្តល់សេវាជូនអតិថិជន។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) បានសង្កេតឃើញថា ការបញ្ជាទិញទំនិញរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាសមាជិករបស់សមាគម បានកើនឡើងប្រមាណពី ២០ ទៅ ៣០ ភាគរយ បើធៀបនឹងមុនវិបត្តិកូវិដ-១៩។ ក្នុងចំណោមនោះ វិស័យម្ហូបអាហារ និងភេសជ្ជៈ មានការកើនឡើង និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ខ្លាំងជាងគេ។ បន្ទាប់មក គឺវិស័យសេវាកម្ម ដូចជា ការកក់បន្ទប់សណ្ឋាគារ, ការកក់សំបុត្រយន្តហោះ និង រថយន្តក្រុង ជាដើម។
ឧកញ៉ាបណ្ឌិត បានឱ្យដឹងទៀតថា ការកើនឡើងនេះ គឺស្របទៅភាពរីកចម្រើននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្ររបស់រដ្ឋាភិបាល ដូចការ ពង្រីកវិសាលភាពការតភ្ជាប់បណ្តាញអ៊ិនធឺណិតនៅទូទាំងប្រទេស។ ទន្ទឹមនេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀត ក្នុងពន្លឿនការពង្រីកវិសាលភាពអ៊ិនធឺណិតល្បឿនលឿនតាមរយៈសេវាទូរសព្ទ 5G ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំង ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារអ្នកប្រើប្រាស់។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះ គឺស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា, និងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្មឌីជីថល។ ក្នុងបរិបទនេះ ប្រតិបត្តិការឌីជីថលកាន់តែក្លាយជាផ្នែកមួយសំខាន់សម្រាប់សហគ្រាសក្នុងការកាត់បន្ថយចំណាយ, បង្កើនប្រសិទ្ធភាព, និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តម បន្តថា ជាក់ស្តែង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ មានក្រុមហ៊ុនប្រមាណ ៥០ បានស្នើសុំចុះបញ្ជីប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនឹងនេះ សហគ្រាសធុនតូច និងមធ្យមរាប់ម៉ឺនក៏កំពុងប្រើប្រាស់បណ្តាញសង្គម ដើម្បីលក់ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ផងដែរ។
គិតត្រឹម ខែមេសា ឆ្នាំ ២០២៥ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតប្រមាណ ១៩,៦ លាននាក់ និងអ្នកប្រើប្រាស់ទូរសព្ទចល័តជាង ២០,៦ លាននាក់។ នេះបើយោងតាមរបាយការណ៍ពីនិយតករទូរគមនាគមន៍កម្ពុជា (TRC)។ ប្រាក់ចំណូលពីទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បានកើនឡើងពី ៨១៣,២៥លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ដល់ ១,៧៨២,៣៤ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥។ នេះបើយោងតាម iTrade Bulletin របស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣