ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងវិស័យសាឡន បន្តខិតខំពង្រឹងសមត្ថភាព ជំនាញ និងគុណភាពសេវាកម្ម ព្រមទាំងយកចិត្តទុកដាក់ប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក។ វិស័យសាឡន និងសម្អាងការ គឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់ និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២២៦នេះ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន។ វេទិកានេះមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំ ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ភាពធន់ និងសមិទ្ធផលរួមរបស់អ្នកប្រកបអាជីវកម្មក្នុងវិស័យសាឡននៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ដើម្បីធានាគុណភាព និងបង្កើនទំនុកចិត្តរបស់អតិថិជន ដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យសាឡននៅកម្ពុជា។ តាមរយៈការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល និងជំរុញកំណើនឧស្សាហកម្មក្នុងស្រុកផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងថា អ្នករកស៊ីបោះដុំទំនិញមកពីក្រៅស្រុក និងអ្នកចែកចាយទំនិញ មានតួនាទីសំខាន់ខ្លាំងណាស់ ដើម្បីធានាថាទំនិញទាំងអស់មានគុណភាព មិនប៉ះពាល់ដល់សុខភាព អ៊ឹចឹងបានយើងលើកទឹកចិត្តឱ្យមានការធ្វើពិសោធន៍លើផលិតផលឱ្យបានត្រឹមត្រូវ ហើយសុំប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន។ ពីព្រោះបច្ចុប្បន្ននេះ កម្ពុជា មានសមត្ថភាពកាន់តែខ្លាំងដើម្បីផលិតនូវទំនិញ និងសម្ភារៈចម្រុះសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្លែងថា៖ «មានផលិតផលខ្លះល្អណាស់ ហើយជាប់លេខទៅទៀតសូម្បីផ្នែកសាប៊ូ ផ្នែកឡេ ក៏ខ្មែរយើងធ្វើបានដែរ ដោយមានគុណភាព អ្នកខ្លះយកសូត្រ ដែលមានសារធាតុល្អផ្នែកស្បែកយកមកកែច្នៃ ជាគ្រឿងសម្អាង អ៊ឹចឹងនាំគ្នាអភិវឌ្ឍន៍ទៅ ពីព្រោះនៅកូរ៉េ និងអឺរ៉ុប វិស័យសម្អាងហ្នឹងធំណាស់ ដែលជាឧស្សាហកម្មមួយដ៏ធំ។ ដូច្នេះ យើងនៅថ្ងៃក្រោយក៏អាចធ្វើបានដែរ នៅពេលដែលយើងចាប់ផ្តើម ដោយផ្តោតលើគុណភាព ស្តង់ដា បើយើងមិនចាប់ផ្តើមពីស្តង់ដា និងគុណភាពទេ យើងមិនអាចប្រែទៅជាឧស្សាហកម្មធំបាននោះទេ»។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យកាត់បន្ថយការនាំចេញ និងពង្រីកការស្រាវជ្រាវផ្នែកគ្រឿងសម្អាង ដើម្បីជំរុញឱ្យវិស័យមួយនេះកាន់តែមានភាពរីកចម្រើន ខណៈរាជក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួមជាស្រេច ដើម្បីជួយដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងម្ចាស់ឧស្សាហកម្មជាដើម។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បន្ថែមថា បច្ចុប្បន្ននេះ ចំពោះផ្នែកស្រាវជ្រាវលើគ្រឿងសម្អាង គឺជារឿងថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែ ក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំ ដោយបានបង្កើតនូវយន្តការសម្រាប់មូលនិធិស្រាវជ្រាវ និងមានវិទ្យាស្ថាន ខណៈនៅតាមសាកលវិទ្យាល័យមួយចំនួន ដូចជាសាកលវិទ្យាល័យ AUPP និងមជ្ឈមណ្ឌលសូត្រ បានយកវត្ថុធាតុដើម ដើម្បីធ្វើការស្រាវជ្រាវ និងកែច្នៃ។ ដូច្នេះ សូមអ្នកប្រើប្រាស់ទាំងអស់ រួមគាំទ្រផលិតផលនោក្នុងស្រុកឱ្យបានផុសផុល។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យផលិតកម្មក្នុងស្រុក ដោយបានដាក់ចេញនូវគោលនយោបាយ និងយន្តការគាំទ្រជាច្រើន ដើម្បីលើកទឹកចិត្តដល់សហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងកសិករឱ្យបង្កើនសមត្ថភាពផលិត និងធានាគុណភាពផលិតផលរបស់ខ្លួន។ ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣